កិច្ចប្រជុំ GBC រវាងកម្ពុជា-ថៃ បានបន្តធ្វើឡើងនៅថ្ងៃទី៣ ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២នៅថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០០នាទីកាលពីព្រឹកមិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងនៅរសៀលថ្ងៃទី ២២ខែតុលា ឆ្នាំ២០២៥ថា៖”កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)ក្នុងថ្ងៃនេះគឺបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា”។

សម្រាប់កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ។

គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី។

ក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថា៖ក្នុងដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនេះដែរបានទទួលការស្វាគមន៍ពីសំណាក់ ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៥កន្លងមក កងទ័ពកម្ពុជា-ថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីរួចមកហើយ។ សម្រាប់ថ្ងៃទី២២នេះដែរ គឺជាថ្ងៃទី៣រវាងកងទ័ពប្រទេសទាំងពីរបើកកិច្ចប្រជុំរួមគ្នាបន្តទៀត។ ក្នុងកិច្ចប្រជុំទាំង៣ថ្ងៃនេះដែរភាគីទាំងពីរ ពិភាក្សាក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner