លោក Trump ថា នឹងហោះទៅចិនជួបលោក Xi ដើមឆ្នាំក្រោយ

វ៉ាស៊ីនតោន ៖ បន្ទាប់ពីទើបប្រកាសទទួលស្គាល់ថា អាមេរិក-ចិនស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មនោះ ឥឡូវនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា លោកនឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសចិន នាដើមឆ្នាំក្រោយ ក្រោយទទួលបានការអញ្ជើញពីទីក្រុងប៉េកាំង។

មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទថា ខ្ញុំត្រូវបានអញ្ជើញឱ្យទៅប្រទេសចិន ហើយខ្ញុំនឹងធ្វើវានៅដើមឆ្នាំក្រោយ។

ហើយលោកក៏រំពឹងផងដែរថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយ “យុត្តិធម៌” នៅចុងខែតុលាខាងមុខ បើទោះបីជាមានជម្លោះលើបញ្ហាពន្ធនាពេលថ្មីៗនេះក៏ដោយ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីកាលពីសប្តាហ៍មុន ភ្លើងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនហាក់កើនឡើងកំដៅសាជាថ្មី ដោយទីក្រុងប៉េកាំងបានប្រកាសរឹតត្បិតការនាំចេញរ៉ែកម្រ និងឈប់ទិញសណ្តែកសៀងពីអាមេរិក ហើយលោក ត្រាំ បានសងសឹកវិញ ដោយគំរាមដំឡើងពន្ធលើទំនិញចិនដល់ទៅ ១០០ភាគរយ និងឈប់ទិញប្រេងចម្អិនអាហារផងដែរ។

ជាការឆ្លើយតប ប្រទេសចិនបានចោទអាមេរិកថា បានប្រើប្រាស់ស្តង់ដាពីរ ក្នុងជម្លោះពាណិជ្ជកម្ម ហើយចិនក៏បានអះអាងដែរថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីកំដរប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner