សត្វត្រយងយក្សជាសត្វកម្រកំពុងត្រូវយកចិត្តទុកដាក់អភិរក្ស និងបង្កាត់ពូជឡើងវិញ

(ភ្នំពេញ)៖ សត្វត្រយងយក្ស (Giant Ibis) ឬអ្នកស្រុក «សត្វឪលើក»។សត្វប្រភេទនេះ ជាបក្សីតំណាងឱ្យប្រទេសកម្ពុជា។

ត្រយងយក្ស គឺជាពូជសត្វត្រយង ដែលមានមាឌធំជាងគេទាំងអស់។ ត្រយងយក្ស ជាប្រភេទបក្សីកម្រ និងត្រូវបានអង្គការអភិរក្សសត្វព្រៃលើពិភពលោក IUCN បានចាត់ ក្នុងបញ្ជីក្រហម ជាសត្វកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ។នាពេលបច្ចុប្បន្នគេសង្កេតឃើញត្រយងយក្សមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា។

នាពេលថ្មីៗមកនេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB បានឱ្យដឹងថា៖”ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះមានចំនួនប្រជាសាស្ត្រសត្វបក្សីដ៏អស្ចារ្យទាំងនេះបីក្បាល។ តែជាអកុសល ពួកយើងនៅតែមិនទាន់អាចបង្កាត់ពូជនូវប្រភេទនេះនៅឡើយទេ ដោយសារ នាពេលបច្ចុប្បន្ននេះ ពួកយើងមិនទាន់មានសត្វញីពេញវ័យនៅឡើយ ប៉ុន្តែពួកយើងសង្ឃឹមថានឹងឈានដល់ដំណាក់កាលនេះ នាពេលដ៏ខ្លីខាងមុខ ហើយនឹងបន្តធ្វើការផ្តោតទៅលើការកែលម្អក្នុងការថែទាំ និងការចិញ្ចឹមថែរក្សានូវប្រភេទនេះ ដើម្បីធានាឱ្យបានជោគជ័យនូវសត្វស្លាប់ដ៏កម្រនេះនាពេលអនាគត”។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងដែរថានាពេលបច្ចុប្បន្ននេះ ចំនួនឯកត្តប្រជាសាស្ត្រសរុបប្រមាណជា ៥០០ ក្បាល ដោយក្នុងនោះមានសត្វពេញវ័យប្រមាណជា ២០០ ក្បាលប៉ុណ្ណោះ បើយោងតាមបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិក្សធម្មជាតិ (IUCN) ការធ្វើបច្ចុប្បន្នភាព វាយតម្លៃចុងក្រោយនេះ។

គួរបញ្ជាក់ថា ទីជម្រក និងមជ្ឈដ្ឋានជីវៈសាស្ត្ររបស់សត្វត្រយងយក្ស ប្រភេទបក្សីជាតិនេះភាគច្រើនរស់នៅតាមវាលទំនាបក្នុងតំបន់ព្រៃរបោះ ដែលនៅឆ្ងាយពីលំនៅដ្ឋានរបស់អ្នកស្រុក ថ្វីបើពួកវាហាក់ដូចជាចូលចិត្តតំបន់វាលភក់ល្បាប់ តាមត្រពាំង តំបន់វាលស្មៅទំនាប វាលស្រែ ដែលរស់នៅជាលក្ខណៈទោល ជាគូ ឬមួយក្រុមតូចៗ តាមតំបន់ដែលមានទឹករាក់ៗនៅតាមវាលទំនាប។

ជាញឹកញាប់ ពួកវាចូលចិត្តរកស៊ីនៅតាមតំបន់វាលល្បាប់ និងតាមត្រពាំងនៅក្នុងតំបន់ព្រៃរបោះដែលងាយស្រួលក្នុងការស្វែងរកចំណីរបស់ពួកវាដែលរួមមានដូចជា ពពួកសត្វឥតឆ្អឹងកងផ្សេងៗ សត្តវន្តជាតិ(ពពួកបង្កង កំពឹស ក្តាម) អន្ទង់ សត្វល្មូនតូចៗ ថលជលិកនានាធ្វើជាចំណី។ ហើយរដូវកាលបង្កាត់ពូជរបស់ពួកវាចាប់ពីខែមិថុនាដល់ខែកញ្ញា ចំណែកឯរដូវមិនបន្តពូជនៅរដូវប្រាំង ពួកវារមែងតែត្រូវបានគេជួបប្រទះនៅជាគូ ឬមួយហ្វូងតូចៗចាប់ពី ៧ ក្បាលឡើងទៅ ឬច្រើនជាងនោះ។

ត្រយងយក្ស តែងតែរស់នៅជាក្រុមតូចៗ នៅលើដើមឈើធំងាប់ៗ ខ្ពស់ៗ ឬអ្នកស្រុកហៅថា «ឈើគ្រាក់»ជាដើម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner