លោក Zelensky ថា រុស្ស៊ីមិនចង់បញ្ចប់សង្គ្រាម ព្រោះអ៊ុយក្រែនគ្មាន Tomahawk
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ការស្ទាក់ស្ទើរបស់អាមេរិក ក្នុងការផ្តល់មីស៊ីលចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន ទើបរុស្ស៊ីមិនចាប់អារម្មណ៍ការទូតស្វែងរកសន្តិភាព ឬចចារបញ្ចប់សង្គ្រាម។
លោកប្រធានាធិបតី Zelensky បន្តថា រូបលោក និងលោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមស្វែងរកការប្រយុទ្ធគ្នានៅលើសមរភូមិ ប៉ុន្តែជាថ្មីម្ដងទៀត រុស្ស៊ីកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបោះបង់ចោលការទូត ឬចរចាបញ្ចប់សង្គ្រាម។
មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ភ្លាមៗនៅពេលរឿងមីស៊ីលរយៈចម្ងាយឆ្ងាយនេះ កាន់តែស្រពេចស្រពិលសម្រាប់អ៊ុយក្រែន រុស្ស៊ីស្ទើរតែមិនចាប់អារម្មណ៍នឹងការទូតទាល់តែសោះ។ លោកថា បើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកាន់តែធំ នោះឆន្ទៈរបស់រុស្ស៊ីក៏កាន់តែធំដូចគ្នាក្នុងការបញ្ចប់សង្គ្រាម។
លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា មីស៊ីល Tomahawk ដែលមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ២.៥០០គីឡូម៉ែត្រ បានក្លាយជាការវិនិយោគដ៏រឹងមាំមួយផ្នែកការទូត។ លោកថា អ៊ុយក្រែនក៏នឹងពិភាក្សាបន្ថែមផងដែរ អំពីអាវុធរយៈចម្ងាយឆ្ងាយជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិក។
ការអត្ថាធិប្បាយរបស់លោក Zelensky កើតឡើងស្របពេលជំនួបកំពូលដែលបានគ្រោងទុករវាងលោកប្រធានាធិបតី Trump និង លោក Putin ត្រូវបានលុបចោល ដោយសារទីក្រុងមូស្គូបដិសេធចំពោះបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន ហើយបានបង្កភាពអាប់អួរលើការប៉ុនប៉ងចរចាសន្តិភាព៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា
