UN យកវៀតណាម ធ្វើជាទីតាំងចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

អ.ស.ប ៖ អង្គការសហប្រជាជាតិ ឬ UN បានជ្រើសរើសយក វៀតណាម ធ្វើជាទីតាំង សម្រាប់ការចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៅថ្ងៃទី២៥ ខែតុលា ចុងសប្តាហ៍នេះ បើទោះបីជាមានការរិះគន់ អំពីហានិភ័យសិទ្ធិមនុស្ស នៅក្នុងប្រទេស មួយនេះ ក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី២២ ខែតុលានេះ ថា អនុសញ្ញា Cybersecurity Tech Accord ដែលត្រូវបានផ្តល់សច្ចាប័ន ដោយ៤០ប្រទេស រៀបចំឡើង ក្នុងគោលបំណងទប់ស្កាត់បទល្មើស ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ អស់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ តំណាងមកពីរាប់សិបប្រទេស នឹងចូលរួមបង្កើតឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ហើយ អង្គការសហប្រជាជាតិរំពឹងថា នឹងឆ្លើយតបចំពោះបញ្ហាឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត កាន់តែលឿន និង មានប្រសិទ្ធភាពជាងមុន។

បញ្ជីឈ្មោះប្រទេសហត្ថលេខី មិនត្រូវបានបញ្ចេញនោះទេ តែ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres , សហភាពអឺរ៉ុប និង កាណាដា គ្រោងនឹងចុះហត្ថលេខា លើកតិកាសញ្ញានេះ។ ក្រសួងការបរទេសអាមេរិក បានបដិសេធ មិននិយាយថា តើអ្នកតំណាងរបស់ខ្លួន នឹងចូលរួមក្នុងពិធីចុះហត្ថលេខានេះ ឬ យ៉ាងណា នោះទេ។ សន្ធិសញ្ញា ដែលរួមបញ្ចូល ទាំងក្រុមហ៊ុន Meta និង Microsoft នឹង សម្របសម្រួលការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន ក្នុងចំណោមរដ្ឋាភិបាល ដែលធ្វើឱ្យកាន់តែងាយស្រួល ក្នុងការបង្ក្រាប ឧក្រិដ្ឋកម្មតាម អ៊ីនធឺណិត។

យ៉ាងណា ការជ្រើសរើស របស់វៀតណាមធ្វើជាម្ចាស់ផ្ទះ បានទាក់ទាញការរិះគន់ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។ នៅក្នុងរបាយការណ៍មួយ កាលពីខែសីហា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពី “បញ្ហាសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់” នៅវៀតណាម រួមទាំង ការរឹតបន្តឹង លើសេរីភាពនៃការបញ្ចេញមតិ តាមអ៊ីនធឺណិត។

ក្នុងឆ្នាំនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ខ្លួន មនុស្ស៤០នាក់ ពីបទឧក្រិដ្ឋកម្ម រួមទាំង ការបង្ហោះតាមអ៊ីនធឺណិត ប្រឆាំងនឹងរដ្ឋ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស។

តែ វៀតណាមរំពឹងថា នឹងលើកកំពស់ទម្រង់អន្តរជាតិរបស់ខ្លួន តាមរយៈការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍នេះ ហើយមើលឃើញថា កិច្ចព្រមព្រៀងនេះ ជាឧបករណ៍មួយ ក្នុងការជំរុញការការពារ តាមអ៊ីនធឺណិត របស់ខ្លួន៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner