កម្ពុជា-ថៃ ឯកភាពគ្នាសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញតាមគំរូដើមនៃបង្គោលជំនាន់បារាំង នៅទីតាំងដើម
(ភ្នំពេញ)៖ តាមរយៈលទ្ធផលកិច្ចប្រជុំ ពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ខេត្តចន្ទបុរី ក្នុងប្រទេសថៃកាលពី ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ ប្រទេស ទាំងពីរ បានឯកភាពគ្នា ដោយប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែល ភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។
ក្នុងសេចក្តីប្រកាសរួម រវាង ប្រទេសទាំងពីរ ក្រោយបញ្ចប់កិច្ចប្រជុំរំលងអាធ្រាតុឈានចូលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥បានបញ្ជាក់ដែរថាក្រៅពីការឯកភាពគ្នា នៃ ការបោះបង្គោលទាំង១៥នេះ ភាគីទាំងពីរក៏បានឯកភាពសាងសង់ឡើងវិញ ផងដែរ នូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរ នឹងឯកភាពគ្នា។ក្រៅពីភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LIDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។
បើយោងតាមសេចក្តីប្រកាសនេះបានឱ្យដឹងដែរថា កម្ពុជា និង ថៃក៏មានការឯកភាពក្នុងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ដោយក្នុងនេះភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47 ។បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពី រដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើ ការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគី ទាំងពីរ។
ក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងបន្ថែមផងថា ចំពោះការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវ ប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០។
គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ (ភាគីកម្ពុជា)។ គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ និងជាសហប្រធាន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា (ភាគីថៃ)។
ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹង ប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ
