អ៊ុយក្រែនទិញយន្តហោះចម្បាំង Gripen ចំនួន ១៥០គ្រឿងពីស៊ុយអែត

ស្តុកខុល ៖ ប្រទេសស៊ុយអែតប្រកាសថា ខ្លួននឹងផ្គត់ផ្គង់យន្តហោះចម្បាំងផលិតក្នុងស្រុក Gripen ចំនួន ១៥០គ្រឿងទៅឱ្យអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់នោះទេ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃពុធ ក្រោយជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុង Linkoping ភាគខាងត្បូងប្រទេសស៊ុយអែត និងបានទៅទស្សនា Saab ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង JAS 39 Gripen, យន្តហោះស៊ើបការណ៍ GlobalEye, ប្រព័ន្ធមីស៊ីល, អាវុធថ្មើរជើងប្រឆាំងរថក្រោះ និងឧបករណ៍យោធាទំនើបៗផ្សេងទៀត។

លោកនាយករដ្ឋមន្រ្តី Kristersson បានប្រាប់សន្និសីទសារព័ត៌មានមួយថា ស៊ុយអែត-អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងមួយស្តីពីការការពារដែនអាកាស។ លោកថា កិច្ចសហប្រតិបត្តិការនេះ ក៏រួមមានលទ្ធភាពនាំចេញយន្តហោះចម្បាំង Gripen E ថ្មីមានចំនួនពី ១០០ទៅ១៥០គ្រឿងទៅឱ្យអ៊ុយក្រែនផងដែរ ដែលនេះជាការបញ្ជាទិញធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសស៊ុយអែត។

ចំណែកលោកប្រធានាធិបតី Zelensky ក៏បានទទួលស្គាល់ដែរថា លោកព្យាយាមនាំយកយន្តហោះចម្បាំង Gripens ទៅដល់ដៃអ៊ុយក្រែន ហើយរំពឹងថា កិច្ចសន្យានាពេលអនាគតនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានយន្តហោះចម្បាំងបែបនេះមិនតិចជាង ១០០គ្រឿងនោះទេ។ លោកថា អ៊ុយក្រែននឹងទទួលបាន ហើយចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំងស៊ុយអែត Gripen នៅឆ្នាំ ២០២៦។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Gripen ត្រូវបានដាក់ដំណើរការចាប់តាំងពីឆ្នាំ ១៩៩៦ ហើយក្រុមហ៊ុន Saab ផលិតបានចំនួន ២៨០គ្រឿងនៃចំនួនសរុប។ បន្ទាប់ពីអ៊ុយក្រែនទិញយន្តហោះនេះពីស៊ុយអែត ភាគហ៊ុននៅក្នុងក្រុមហ៊ុន Saab បានកើនឡើង ៤.៣ភាគរយភ្លាមៗ។

ស៊ុយអែតបានទទួលការបញ្ជាទិញយន្តហោះចម្បាំងម៉ូដែល Gripen E ចុងក្រោយបង្អស់ចំនួន ៦០គ្រឿង ហើយក្រុមហ៊ុន Saab កំពុងបង្កើនសមត្ថភាពផលិតបន្ថែមនៅក្នុងទីក្រុង Linkoping ក្នុងគោលបំណងផលិតយន្តហោះឱ្យបានចន្លោះពី ២០ទៅ៣០គ្រឿងក្នុងមួយឆ្នាំក្នុងរយៈពេលពីរបីឆ្នាំទៀត។ លើសពីនេះ Saab ក៏កំពុងសាងសង់រោងចក្រផលិតយន្តហោះ Gripens ក្នុងប្រទេសប្រេស៊ីលផងដែរ៕

ប្រភព ៖ the straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner