យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម

(ភ្នំពេញ)៖ តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាងហោចណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែលកំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុមមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមដែលទើបតែបង្កើតថ្មី។

លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។

នៅលើបណ្តាញសង្គមក្រុមគ្រួសារហ្វេសបុក ដែលមានបងប្រុសម្នាក់បានស្លាប់ដោយសារជម្ងឺសួត ដោយសារការប្រើប្រាស់បារីអេឡិចត្រូវនិច។ ជាមួយនិងការបង្ហាញការឈឺចាប់ សោកស្តាយចំពោះការបាត់បង់សមាជិកគ្រួសារ ម្ចាស់គណនេយ្យរូបនេះក៏បានអំពាវនាវដូច្នេះថា «គត់ស្លាប់ដោយសារជម្ងឺសួតសូមបងប្អូនទាំងអស់គ្នាឈប់ជក់អា Yooz (បារីអេឡិចត្រូនិច)អីនិងទៅប៉ះពាល់ណាស់យូរៗទៅសួតអស់ហើយ ឈប់ទៅណាបងប្អូនកុំអោយមានវិប្បដិសារីថ្ងៃក្រោយ»។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានយល់ឃើញថា “បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ (តាមអនឡាញ) ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារនិងយុវជនដែរ”។

ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី បណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សរបស់កម្ពុជា។ វាប៉ះពាល់ដល់ការវិវឌ្ឍន៍របស់ខួរក្បាល ដែលបណ្តាលឲ្យប៉ះពាលដល់ការសិក្សារបស់កុមារនិងយុវជន។ ក្រៅពីនេះ វាបណ្តាលឲ្យមានរបួសសួតយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សរីរាង្គដទៃទៀត។

អង្គការចលនាដើម្បីសុខភាពកម្ពុជា សូមសំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់កាលពីពេលថ្មីៗនេះ។ ការចេញបទបញ្ជានេះ គឺជាការរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសក្កានុពល ចៀសផុតពីការបំផ្លាញទាំងផ្នែកសតិបញ្ញានិងកាយសម្បទា របស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី។

ចំណុចប្រសើរបំផុត គឺរាជរដ្ឋាភិបាលបានដាក់បទបញ្ជានេះឲ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូលការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។

វត្តមានរបស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា និងការបង្ហោះផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេងតាមបណ្តាញព័ត៌មានសង្គម នូវផលិតផលទាំងនេះ គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យមានការីករាលដាលនៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី ក្នុងចំណោមកុមារ និងយុវជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner