អភិបាលខេត្តព្រៃវែងដឹកនាំយុទ្ធនាការកសាងខេត្តព្រៃវែងស្អាត បៃតង និងចីរភាព

​ព្រៃវែង៖ផ្តើមចេញពីស្រុកស្វាយអន្ទរ រដ្ឋបាលខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានប្រកាស យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅតាមបណ្តាក្រុងស្រុកក្នុងខេត្តព្រៃវែងរួមទាំងស្រុកស្វាយអន្ទរផងដោយត្រូវធ្វើ
សកម្មភាពនេះរៀងរាល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នីមួយៗ។

​ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករមានមន្រ្តីរាជការ សិស្ស កងកម្លាំងប្រដាប់អាវុធ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន សោភណភាព​ទីសាធារណៈ និងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទាំងនៅតាមគេហដ្ឋាន និងសហគមន៍។

ដោយបញ្ជាក់ថា ការងារបរិស្ថានស្អាតមិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬស្ថាប័នណាមួយនោះ ឯកឧត្តម​អភិបាលខេត្តទាញអារម្មណ៍អ្នកចូលរួមថា ការងារបរិស្ថាន គឺការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បី​ធានា​បាននូវសុខភាពល្អ និងបរិស្ថានស្អាតស្របតាមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។

​ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងពីបញ្ហាប្រឈមធ្ងន់ធ្ងរនៃសំរាម និងសំណល់ប្លាស្ទិក ដែលមិនត្រឹមតែប៉ះពាល់​ដល់​​សោភណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិទៀតផង។

​គួររំលឹកថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ ត្រូវបានរដ្ឋបាលខេត្តកំណត់ឱ្យអនុវត្តជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅតាមទីសាធារណៈ និងស្ថាប័នរៀងៗខ្លួន នៅទូទាំង ១៣ ក្រុង-ស្រុក នៃខេត្តព្រៃវែង ដើម្បីធ្វើយ៉ាងណាឱ្យខេត្ត​ព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ។ជាខេត្តមានអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
ដោយ៖នុត នាង

ads banner