បំណុល អាមេរិក កើនដល់ ៣៨ ទ្រីលានដុល្លារ ស្មើនឹងពលរដ្ឋអាមេរិកម្នាក់ជំពាក់គេ ១១១,០០០ ដុល្លារ
វ៉ាស៊ីនតោន ៖ បំណុលជាតិរបស់សហរដ្ឋអាមេរិកបានហក់ឡើងទៅដល់ជាង ៣៨ ទ្រីលានដុល្លារ ។ នេះជាកម្រិតដ៏ច្រើនសន្ធឹកសន្ធាប់បំបែកកំណត់ត្រាថ្មីនៅសហរដ្ឋអាមេរិក ។
បើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក, បំណុលជាង ៣៨ ពាន់ពាន់លានដុល្លារនេះ គឺស្មើនឹងពលរដ្ឋអាមេរិកម្នាក់ ជំពាក់គេ ប្រហែល ១១ ម៉ឺន ១ ពាន់ដុល្លារអាមេរិក ។
មូលនិធិ Peter G Peterson ដែលមានមូលដ្ឋាននៅទីក្រុង Washington, DC អះអាងថា កម្រិតបំណុលរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ ស្មើនឹងតម្លៃសេដ្ឋកិច្ចរួមបញ្ចូលគ្នានៃប្រទេសចិន ឥណ្ឌា ជប៉ុន អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស ។
លោក Michael A Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G Peterson និយាយថា មូលហេតុនៃការហក់ឡើងបំណុលជាតិនាពេលនេះ គឺដោយសារតែសមាជិកសភាអាមេរិកបរាជ័យ ក្នុងការធ្វើតាម “កាតព្វកិច្ចសារពើពន្ធជាមូលដ្ឋាន” របស់ពួកគេ ។
លោកថា “ការកើនឡើងបំណុលពី ១ ទ្រីលាន ទៅ ១ ទ្រីលាន បានធ្វើឲ្យ អាមេរិក ដែលជាប្រទេសដ៏អស្ចារ្យមួយនេះ គ្មានមធ្យោបាយ អាចគ្រប់គ្រងហិរញ្ញវត្ថុ របស់ខ្លួនបាននោះទេ ។
ចំណែកបើកតាមអ្នកសេដ្ឋកិច្ច នៅគម្រោងថវិកា Penn Wharton Budget Model បានប៉ាន់ប្រមាណថា បំណុលអាមេរិកអាចនឹងឈានដល់ ២០០ ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៤៧ ដោយសារតែការកាត់បន្ថយពន្ធយ៉ាងច្រើន ដោយក្នុងនោះរួមបញ្ចូលទាំងនៅក្នុងច្បាប់ថវិការបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ ៕
ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត