ខេត្តបាត់ដំបងនឹងមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះទឹកកខ្វក់១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ឆាប់ៗនេះ

បាត់ដំបង៖ប្រសិនពុំមានការប្រែប្រួលទេការដ្ឋានសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ទំហំជិត៩ហិកតា ស្ថិតនៅ​ស្រុកឯកភ្នំ ដែល​មានសមត្ថភាពចម្រោះទឹកកខ្វក់បាន១២ ០០០ម៉ែត្រគូបក្នុងមួយ​ថ្ងៃនឹងបញ្ចប់នៅដំណាច់​ខែ​តុលា​នេះ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅស្រុកឯកភ្នំ ជាគម្រោងនៅប៉ែក​ខាងលិចស្ទឹងសង្កែ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រេចសាងសង់បានប្រមាណ៩៨ភាគរយ។នេះបើ​តាមការបញ្ជាក់របស់លោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត និងជាអ្នកសម្របសម្រួលការ​អនុវត្តគម្រោងផ្ទាល់។

ពិនិត្យសមិទ្ធផលដែលនឹងលេចចេញជារូបរាងផ្លូវការនាពេលខាងមុខ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង ប្រតិភូធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB)កាលពីថ្ងៃទី២៣ ខែតុលា បានអញ្ជើញទៅកាន់​ការដ្ឋានសាងសង់ស្ថានីយ​ប្រព្រឹត្ត​កម្មទឹកកខ្វក់ប៉ែកខាង​លិច​ស្ទឹងសង្កែ​ទំហំជិត៩ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្ថានីយ​សំអាត​ទឹកលូ ស្ថិតនៅភូមិ​ចំការសំរោង ក្រុងបាត់ដំបង ។ការដ្ឋានស្ថានីយ​ទាំងពីរដំណើរការ​ក្រោមគម្រោងហិរញ្ញប្បទាន​សហប្រតិបត្តិការរបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែលជាគម្រោងផ្គត់​ផ្គង់ទឹកស្អាតនិងអនាម័យក្រុង ដោយផ្ដោតលើការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​​ក្រុង​បាត់​​ដំបង រួមមាន ការសាងសង់ប្រព័ន្ធលូនិង​ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ ជាដើម។

លោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តបាត់ដំបង និងជាអ្នកសម្របសម្រួល​គម្រោង​បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ស្រុកឯកភ្នំទទួល និងគ្រប់គ្រងទឹក​កខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែ​ក្រុង​បាត់ដំបង ដើម្បីធ្វើប្រព្រឹត្តិកម្ម​សម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។

សូមបញ្ជាក់ថា គម្រោងខាងលិចស្ទឹងសង្កែក្រុងបាត់ដំបង ឬគម្រោង​ផ្គត់​ផ្គង់ទឹកស្អាត និងអនាម័យខេត្ត បាននិង​កំពុង​អនុវត្តយ៉ាង​មមាញឹកដោយអនុវត្តលើការងារសាងសង់ប្រព័ន្ធទុយោខួងប្រវែងសរុប៤,៤៨គីឡូម៉ែត្រ,ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប១៣,៦៥គីឡូម៉ែត្រ,ទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥០,៩៥គីឡូ​ម៉ែត្រ, តភ្ជាប់តាមផ្ទះ​ប្រជាពលរដ្ឋចំនួន ៥ ០៥៧ខ្នងផ្ទះ និងសាង​សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner