ថៃស្លាប់ជិត ៥០នាក់ ក្នុងសង្គ្រាមនៅហ្គាហ្សា

បាងកក ៖ ជនជាតិថៃ ជិត ៥០នាក់បានស្លាប់ អំឡុងសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។

ក្រសួងការបរទេសថៃ បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិថៃចំនួន ៤៧នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះ រយៈពេលពីរឆ្នាំ។ ជាការបញ្ជាក់ ធ្វើឡើង ស្របពេលដែលសាកសពជនជាតិថៃ ម្នាក់ទៀត ត្រូវបានរកឃើញ ដោយស្ថិតក្នុងចំណោម ចំណាប់ខ្មាំងដែលបានស្លាប់ ហើយ ហាម៉ាស់ព្រមប្រគល់សព តាមកិច្ចព្រមព្រៀង ជាមួយអ៊ីស្រាអែល ក្រោមផែនការ របស់លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ។

ក្រុមមន្ត្រី បាននិយាយថា សាកសពកម្មករកសិដ្ឋានថៃម្នាក់នេះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ កាលពីថ្ងៃព្រហស្បតិ៍។ អដ្ឋិធាតុ របស់បុរស ឈ្មោះ Sonthaya Oakkharasri បានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ដោយបានបញ្ជូនចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

យោងតាមក្រសួងការងារ របស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃជិត ៣ម៉ឺននាក់ ធ្វើការ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយភាគច្រើន នៅក្នុងវិស័យកសិកម្ម។ រដ្ឋាភិបាលថៃ នឹងផ្តល់សំណង រហូតដល់ ៥៤,០០០ដុល្លារ ដល់គ្រួសារសព។

មនុស្ស យ៉ាងហោចណាស់ ៦៨,២៣៤នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាម នេះបើយោងតាមក្រសួងសុខាភិបាល នៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ជាតួលេខដែលអង្គការសហប្រជាជាតិ ចាត់ទុកថា គួរឱ្យទុកចិត្ត។

ការវាយប្រហារ ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស បានបណ្តាលឱ្យមនុស្ស ១,២២១នាក់ស្លាប់ ដែលភាគច្រើន គឺជាជនស៊ីវិល នេះបើយោងតាមការបូកសរុប របស់ AFP ដោយផ្អែកលើតួលេខផ្លូវការ របស់អ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner