សង់ផ្ទះថ្មីជូនក្រុមគ្រួសារអតីតយុទ្ធជនមួយគ្រួសារនៅស្រុកកំពង់ស្វាយ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ​ពិនិត្យការសាងសង់ផ្ទះ​ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជូនអតីតយុទ្ធជនមួយគ្រួសារ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ផ្ទះដែលកំពុងសាងសង់មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារ ជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី ។ផ្នែកខាងក្រោយ មានតសំយាបផ្ទះបាយប្រវែង ៣ម៉ែត្រ ,មានបង្គន់អនាម័យ។

លោក ព្រំ ធីម អាយុ ៥០ឆ្នាំ ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម ។ក្នុងគ្រួសារមានសមាជិកប្រាំមួយនាក់។លោកមានដីដែលមានជម្រកពុំសមរម្យ។ឃើញការលំបាកនេះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភផ្ទះថ្មីដល់ក្រុមគ្រួសារ​របស់លោក។

ដោយ៖ ប៊ុន រដ្ឋា

ads banner