តំបន់អេកូទេសចរណ៍ ជំរំ ចាហ៊ូ ខេត្ត មណ្ឌលគិរី ជាទីកន្លែងទស្សនា សត្វទោចថ្ពាល់លឿង និង គិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ពេលនេះអាចរកចំណូលបានជាង ៦ម៉ឺនដុល្លារអាមេរិក

(មណ្ឌលគិរី)៖ តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលជាទីល្បីល្បាញសម្រាប់អ្នកទេសចរកម្សាន្តសត្វទោចថ្ពាល់លឿង ជាសត្វកម្របំផុតមួយនៅលើពិភពលោក។ក្រៅអំពីទស្សនាសត្វដ៏អស្ចារ្យនេះ អ្នកទេសចរក៏អាចទស្សនាសត្វស្លាប ជីវភាពជនជាតិភាគតិច និងទេសភាពដ៏ស្រស់ត្រកាលព្រៃភ្នំតំបន់នេះយ៉ាងជាទីមនោរម្យទៀតផង។

សត្វទោចដែល ត្រូវបានបន្ស៊ាំដោយជោគជ័យ ម្ល៉ោះហើយអ្នកទេសចរដែលកម្សាន្តជំរំ ចាហ៊ូ កម្រ ខក បំណងណាស់ក្នុងការមកទស្សនាសត្វទោចថ្ពាល់លឿង។ យ៉ាងណាក្តីដើម្បីអាចទស្សនា សត្វទោចផ្ពាល់លឿង បាន ភ្ញៀវទេសចរចាំបាច់ណាស់ ត្រូវក្រោកពីព្រលឹមចូលព្រៃ ដើម្បីរង់ចាំមើលវត្តមានរបស់ពួកវា។

អ្នកនាង នេត្រ បូរមី មន្រ្តី ហេរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ ខេត្តមណ្ឌលគិរី ឱ្យដឹងថា តាមរយៈអង្គការ WCS បានផ្តល់ជាជំនួយដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រីកជំរំមួយនេះជាបន្តបន្ទាប់ ។ ក្នុងនេះដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅរបស់ភ្ញៀវ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិក តំបន់អេកូទេសចរណ៍។ដោយសារការអភិវឌ្ឍន៍នេះដែរទើបទីកម្សាន្តក្នុងតំបន់ព្រៃភ្នំមួយនេះក៏មានការរៀបចំ ជាបន្ទប់ទទួលភ្ញៀវ កន្លែងភោជនីយដ្ឋាន ទីកន្លែងប្រជុំ ទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាល កន្លែងសិក្សាស្រាវជ្រាវជាដើម។

អ្នកនាង នេត្រ បូរមី បានបញ្ជាក់ប្រាប់ថា ចាហ៊ូ ជាតំបន់ទេសចរណ៍សត្វទោចថ្ពាល់លឿង ដ៏សំខាន់មិនមានកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជា។ អ្នកទេសចរបរទេសភាគច្រើនដែលចូលមកកម្សាន្តទីកន្លែងនេះបំណងរបស់ពួកគេ គឺទស្សនាសត្វទោចថ្ពាល់លឿង ។

ស្រ្តីរូបនេះបានឱ្យដឹងបន្ថែមថា ក្នុងជំរំចាហ៊ូមានកន្លែងកម្សាន្តសំខាន់ៗចំនួន៥ទីតាំង។ ជាទូទៅភ្ញៀវទេសចរដែលមកកម្សាន្តទីកន្លែងនេះ ត្រូវមកដល់ជំរំចាហ៊ូម៉ោង ៤កន្លះទៅ ៥ព្រឹក ដើម្បីធ្វើដំណើរប្រមាណ ២ទៅ៣ គីឡម៉ែត្ ដោយថ្មើរជើងទៀត ទើបអាចទៅមើលសត្វទោចថ្ពាល់លឿងទាំងនេះបាន។ ក្រៅអំពីទស្សនាសត្វទោចថ្ពាល់លឿង នៅពេលថ្ងៃអ្នកទេសចរ ក៏អាចទស្សនាពពួកសត្វស្វា សត្វស្លាប និងសត្វដទៃទៀត។ ក្រៅពីនេះអ្នកទេសចរអាចទស្សនាទឺកធ្លាក់ មើលដើមឈើធំៗក្នុងព្រៃ មើលជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹករបស់បងប្អូនសហគមន៍។

បើតាមការរៀបរាប់ប្រាប់របស់ អ្នកនាង នេត្រ បូរមី នោះគឺជំរំចាហ៊ូសម្បូរភ្ញៀវទេសចរបំផុតចាប់ពីខែវិច្ឆិកា ដល់ខែមីនា ផុតពីនេះពោលគឺពីខែមេសាដល់ខែតុលាចំនួនភ្ញៀវទេសចរមានការថមថយចុះបន្តិចវិញ។ដោយឡែកបើគិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញាកន្លងមកមានភ្ញៀវទេសចរចូលកម្សាន្ត ជំរំ ចាហ៊ូ ប្រមាណ ៣ ទៅ ៤រយនាក់ ហើយចំណូលបានជាង ៦ម៉ឺនដុល្លារ។

ទាក់ទិនក្នុងរឿងនេះ លោក សុខ បញ្ញាវុធ អ្នកស្រាវជ្រាវនៅ ជំរំ ចាហ៊ូ ប្រាប់ឱ្យដឹងថា កន្លងមកក្រុមរបស់លោក បានសិក្សាស្រាវជ្រាវទៅលើសត្វទោច ដោយក្នុងនេះសិក្សាទៅលើអាកប្បកិរិយាប្រចាំថ្ងៃរបស់វា ការរស់នៅ និងការច្រៀងរបស់វាក្នុងទំនាក់ទំនងជាមួយដៃគូ និងការការពារទឹកដីរបស់សត្វទោច។ វាខុសពីសត្វដទៃពោលគឺសត្វទោចនៅពេលការពារទឹកដីវាតែងសម្តែងចេញជាការច្រៀងដើម្បីប្រាប់ជាសញ្ញាដល់ក្រុមនីមួយៗរបស់ពួកវា។

ទាក់ទិនទៅនឹងការនាំភ្ញៀវទេសចរទៅទស្សនាសត្វទោចវិញ លោកបានប្រាប់ថាគឺអនុញ្ញាត្តិឱ្យទៅទស្សនាតែចំនួនមួយម៉ោងទេ ហើយចំនួនទៀតសោតបានត្រឹមតែ ៦នាក់ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកវាតានតឹងអារម្មណ៍ឬរំខានផ្លូវចិត្តពួកវា ។

លោក សុខ បញ្ញាវុធ បានឱ្យដឹងដែរថា”បើយោងតាមអង្គការ WCSកាលពីឆ្នាំ២០២២គឺចំនួនសត្វទោចថ្ពាល់លឿងនៅទីកន្លែងនេះមានចំនួនប្រមាណ ១១២៩ក្បាល ហើយចំនួននេះថេររហូតដល់បច្ចុប្បន្ន”។

គួរបញ្ជាក់ថា ៖ អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្តតាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ ៕

ដោយ ៖ ម៉ាដេប៉ូ និង លោក ង៉ាន់ទិត្យ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner