កិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ក.ផ.ក.អ.

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.) កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ ក.ផ.ក.អ. នៅទីស្តីការក្រសួងការងារ ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមការងារអន្តរក្រសួង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នទាំងអស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យមានប្រសិទ្ធភាព ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤–២០២៨)។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងប្រទេសដៃគូផ្សេងទៀត ដើម្បីអនុវត្តគំនិតផ្ដួចផ្ដើម “កាតាលីករសកល” ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner