ថ្ងៃនេះ លោក Anutin លុបចោលដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រោយមាតាស្តេចថៃសោយទិវង្គតក្នុងព្រះជន្ម ៩៣វស្សា
បាងកក ៖ ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេចថៃបច្ចុប្បន្ន Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅម៉ោង ៩និង២១នាទីថ្ងៃសុក្រម្សិលមិញ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial ដោយសារជំងឺឆ្លងមេរោគចូលក្នុងចរន្តឈាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
សារព័ត៌មាន The Nation បានចេញផ្សាយថា ភ្លាមៗក្រោយទទួលបានដំណឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានសម្រេចចិត្តលុបចោលគម្រោងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃសៅរ៍នេះ ក្នុងគោលបំណងធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខម្ចាស់ក្សត្រី Sirikit។
ប៉ុន្តែប្រភពពីវិមានរដ្ឋាភិបាលថៃនិយាយថា លោកនាយករដ្ឋមន្រ្តី Anutin ទំនងជានឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យស្អែកវិញ ជាកន្លែងដែលលោកត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។
បើតាមកាសែត Khaosod, ម្ចាស់ក្សត្រី Sirikit មានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២។ ព្រះបរមសពម្ចាស់ក្សត្រីនឹងតម្កល់នៅឯព្រះទីនាំងទុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ហើយព្រះមហាក្សត្រប្រកាសឲ្យព្រះរាជវង្សានុវង្ស និងនាម៉ឺនមន្ត្រីក្នុងព្រះរាជសំណាក់ កាន់ទុក្ខរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃសោយទិវង្គត៕
ប្រភព ៖ CNA និង The Nation និង Khaosod ប្រែសម្រួល ៖ ឈឹម ទីណា


