លោក ដូណាល់ ត្រាំ នឹងជួបលោក ស៊ី ជីនភីង នៅកូរ៉េខាងត្បូង នាសប្ដាហ៍ក្រោយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ។

លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបញ្ជាក់ថា លោក Trump នឹងហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែតុលា ។

លោកគ្រោងនឹងជួបលោក ស៊ី មេដឹកនាំចិន នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ ពោលគឺបន្ទាប់ពីថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Busan ។

បើតាមសារព័ត៌មាន CNA, កិច្ចប្រជុំនេះកើតមានឡើង បន្ទាប់ពីមានភាពមិនប្រាកដប្រជា ជាច្រើនសប្តាហ៍ជុំវិញថា តើ ជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងកើនឡើង ឬ ថយចុះ ។

ភាពតានតឹងបានផ្ទុះឡើង នៅដើមខែនេះ បន្ទាប់ពីប្រទេសចិនបានពង្រីកការទប់ស្កាត់ ការនាំចេញលើរ៉ែកម្រ ដែលជំរុញឲ្យលោក Trump គំរាមកំហែង ដាក់ពន្ធថ្មី ។

ទោះបីជាមានភាពតានតឹងក៏ដោយ ប៉ុន្តែថ្មីៗនេះ លោក Trump បានបង្ហាញសុទិដ្ឋិនិយមបន្ថែមទៀត អំពីកិច្ចពិភាក្សានេះ ។ លោក បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា “អាមេរិក និងចិននឹងទទួលបានលទ្ធផលយ៉ាងល្អ ហើយគ្រប់គ្នានឹងសប្បាយចិត្តអំពីកិច្ចប្រជុំនេះ” ។

ជំនួបនេះនឹងកត់សម្គាល់ អំពីការជួបគ្នាលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិទីពីរ របស់លោក Trump ។

ទន្ទឹមនោះ វាក៏អាចជួយកំណត់ឡើងវិញ នូវទំនាក់ទំនង រវាងមហាអំណាចទាំងពីរផងដែរ បន្ទាប់ពីកម្ដៅនៃជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យា កាន់តែកើនឡើងក្នុងរយៈពេលជាច្រើនខែមកនេះ ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner