១១ ប្រទេសចោទ កូរ៉េខាងជើង លួចលុយគ្រីបតូជិត ៣ ពាន់លានដុល្លារ
បរទេស ៖ ប្រទេសចំនួន ១១ បានរួមដៃគ្នាចោទប្រកាន់ ប្រទេសកូរ៉េខាងជើងថា បានចូលលួចយកលុយ គ្រីបតូចំនួន ២,៨០០ លានដុល្លារ ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ ។ នេះបើតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃសុក្រនេះ ។
ប្រទេសទាំង ១១ ដែលចោទប្រកាន់កូរ៉េខាងជើង គឺជាក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី ហៅកាត់ MSMT បង្កើតឡើងក្នុងខែតុលា ឆ្នាំ ២០២៤ ដែលរួមមាន សហរដ្ឋអាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, ហូឡង់, នូវែសេឡង់, កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ។
បើតាមរបាយការណ៍ពីក្រុមចម្រុះជាតិសាសន៍ដែលឃ្លាំមើលការអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើងបានឲ្យដឹងថា រូបិយប័ណ្ណគ្រីបតូជុំវិញពិភពលោក ជិត ៣ ពាន់លានដុល្លារនេះ ត្រូវបានកូរ៉េខាងជើង លួចបាននៅចន្លោះ ពីឆ្នាំ ២០២៤ ដល់ខែកញ្ញា ឆ្នាំ ២០២៥ ។
អ្នកជំនាញអ៊ីនធឺណិតរបស់កូរ៉េខាងជើងបានលួចចូលនៅក្នុងប្រតិបត្តិការ ផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ ធំៗ នៅទូទាំងសកលលោក រួមទាំង លុយគ្រីបតូប Bybit នៅអារ៉ាប់រួម និង គ្រីបតូ DMM Bitcoin នៅក្នុងប្រទេសជប៉ុន ។
ក្រៅពីលួចលុយគ្រីបតូ, កូរ៉េខាងជើងក៏បានព្យាយាមចូលទៅលួចយកព័ត៌មានអំពីទីតាំងនុយក្លេអ៊ែរ និងនាវាមុជទឹក របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងប្រទេសដទៃទៀត ផងដែរ ។
ជាក់ស្ដែង កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាដែលលួចបានពីកូរ៉េខាងត្បូង យកទៅប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ និង កាំជ្រួចផ្លោងបាញ់ចេញពីនាវាមុជទឹកផងដែរ ៕
ប្រភពពី NHK ប្រែសម្រួល ៖ សារ៉ាត