សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភា ប្រទេសហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ស្របពេលឆ្នាំ២០២៦ខាងមុខនេះ ជាខូបលើកទី៧០ នៃទំនាក់ទំនងផ្លូវការប្រទេសទាំងពីរ ។

ហុងគ្រីជាមិត្តចាស់របស់កម្ពុជា ដែលបានជួយគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជានៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ឈរលើផលប្រយោជន៍ពលរដ្ឋ ការជឿទុកចិត្តគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ទំនាក់ទំនងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់។

អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចប្រធានរដ្ឋសភា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេចរដ្ឋសភាធិបតី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិត។

តាមគម្រោងក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី ចំនួនបួនថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាព ប៉ារីស លើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner