កីឡាករការិនីវ័យក្មេង គុនខ្មែរនៅបារ៉ែន មានមេដាយក្នុងដៃខ្លះៗហើយ បន្ទាប់ពីប្រកួតយប់ថ្ងៃទី២៤ ខែតុលា
(ភ្នំពេញ)៖ កីឡាការិនីគុនខ្មែរ អ៊ុ ស្រីពេញ បានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ នៅវគ្គ៨នាក់ និងកីឡាករគុនខ្មែរ ធន ចន្ធូ បានឆ្លងផុតវគ្គ៨នាក់ ដោយពួកគេទាំងពីរនាក់បានឡើងប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះនៃការប្រកួតកីឡាយុវជនអាស៊ី (3rd Asian Youth Games) លើកទី៣ ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន។
កីឡាការិនី អ៊ុ ស្រីពេញ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ TAGHIPOORHEIDARI Hananeh ដោយពិន្ទុ ៣០ ទល់ ២៧ ក្នុងវិញ្ញាសានារី -៥១គ.ក្រ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
កីឡាការិនីកម្ពុជា អ៊ុ ស្រីពេញ នឹងត្រូវប្រកួតជាមួយកីឡាការិនីហ្វីលីពីន BITUIN Iyeshia Blair នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលានេះ។ កីឡាការិនីហ្វីលីពីន BITUIN Iyeshia Blair បានយកឈ្នះកីឡាការិនីអាហ្វហ្គានីស្ថាន MUZAFARI Mahboba ក្នុងពិន្ទុ ៣០-២៦ នៅវគ្គ៨នាក់ កាលពីយប់ថ្ងៃទី២៤តុលាដូចគ្នា។
ចំពោះកីឡាករគុនខ្មែរ ធន ចន្ទូ ដែលប្រកួតលើវិញ្ញាសា -៥១ គ.ក្រ កំពុងឈររង់ចាំប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ បន្ទាប់ពីកីឡាករកម្ពុជារូបនេះទទួលបានឱកាសល្អ២លើកជាប់ៗគ្នា ដោយដៃគូប្រកួតថៃមានបញ្ហាសុខភាព នៅវគ្គ១៦នាក់ និងនៅវគ្គ៨នាក់ចុងក្រោយកីឡាករអ៊ីរ៉ង JAFARI Esmaeil លើសទម្ងន់ ហើយគណៈកម្មការបានសម្រេចឱ្យ ធន ចន្ធូ ឈ្នះដោយស្វ័យប្រវត្តិតែម្តង។ ធន ចន្ធូ បានឆ្លងកាត់២លើក ដោយមិនបាច់ប្រកួត ហើយបានឡើងមកឈរចាំប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំពោះកីឡាករគុនខ្មែរ ឆុង វិសាល ប្រកួតលើប្រភេទទម្ងន់ -៥៤គីឡូក្រាមបានឡើងទៅប្រកួតបន្តនៅវគ្គ៨នាក់ នៅថ្ងៃទី២៥ ខែតុលានេះ គឺបន្ទាប់ពីបានយកឈ្នះកីឡាករលីបង់ KHODOR Bahaa Din វគ្គ១៦នាក់ ដោយពិន្ទុ ២៩-២៨ ក្នុងវគ្គ ៨នាក់ កាលពីយប់ថ្ងៃទី២៤ ខែតុលា។ ប្រកួតដំបូងវគ្គ៣២នាក់ ឆុង វិសាល បានយកឈ្នះកីឡាករថៃ ដោយពិន្ទុ កាលពីថ្ងៃទី២៣ ខែតុលា។ កីឡាករគុនខ្មែរ ឆុង វិសាល នឹងត្រូវប្រកួតជាមួយកីឡាករកៀហ្ស៊ីស្ថាន ABDYKAROV Allanur សម្រាប់វគ្គ ៨នាក់ នៅថ្ងៃទី២៥ ខែតុលានេះ។
គួរបញ្ជាក់ថា កីឡាករ កីឡាការិនីគុនខ្មែរមួយចំនួនទៀតបានបាត់បង់ឱកាសឡើងវគ្គបន្តហើយ ក្រោយពីបានប្រកួតចាញ់គូប្រកួតនៅត្រឹមវគ្គ ១៦នាក់ កាលពីម្សិលមិញ៕
អត្ថបទ ៖ ជាវ ចន្ធូ
រូបភាព ៖ NOCC






