ក្រុមហ៊ុនយក្សអឺរ៉ុបចំនួន៣ បង្កើតក្រុមហ៊ុនអវកាសថ្មីរួមគ្នា

ព្រុចសែល ៖ ក្រុមហ៊ុនយក្សរបស់អឺរ៉ុបធំៗចំនួន៣ មានដូចជា Airbus, Leonardo និង Thales បានយល់ព្រមរួមបញ្ចូលគ្នាចែករំលែកសកម្មភាពស្រាវជ្រាវ និងការរុករកទីអវកាសរបស់ពួកគេរៀងៗខ្លួនដាក់បញ្ចូលទៅក្នុងក្រុមហ៊ុនតែមួយ ក្នុងបំណងពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប។

បច្ចុប្បន្នគេនៅមិនទាន់ដឹងថាតើអង្គភាពអវកាសថ្មីនេះបង្កើតឡើងពេលណា ឬចំណាយទុនរួមគ្នាប៉ុន្មាននោះទេ ប៉ុន្តែការបង្កើតក្រុមហ៊ុនអវកាសថ្មីនេះឡើង គឺក្រុមហ៊ុនដៃគូទាំង៣ មានគោលបំណងផ្តល់ការគាំទ្រដល់កម្មវិធីអវកាសជាតិរបស់អឺរ៉ុប ពិសេសជួយគាំទ្រដល់វិស័យទូរគមនាគមន៍ ការរុករកសកល ការសង្កេតភពផែនដី ការស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងការរុករកនៅទីអវកាស។

ក្រុមហ៊ុនយក្សរបស់អឺរ៉ុបទាំង៣ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ភាពជាដៃគូនេះ គឺស្របនឹងមហិច្ឆតារបស់រដ្ឋាភិបាលអឺរ៉ុប ក្នុងការពង្រឹងឧត្តមភាពផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា។

បើតាមសារព័ត៌មាន The Defense Post, Airbus មានភាគហ៊ុនចំនួន ៣៥ភាគរយ, Leonardo និង Thales ម្នាក់ៗមានចំណែកភាគហ៊ុនចំនួន ៣២.៥ភាគរយ។ អង្គភាពអវកាសថ្មីនេះដែរ នឹងដាក់ដំណើរការក្រោមការគ្រប់គ្រងរួមគ្នា ជាមួយនឹងរចនាសម្ព័ន្ធអភិបាលកិច្ច ដែលមានតុល្យភាពរវាងក្រុមហ៊ុនទាំងបី។

Airbus នឹងចែករំលែកអាជីវកម្មប្រព័ន្ធអវកាស និងឌីជីថលអវកាសរបស់ខ្លួនពី Airbus Defence and Space ដែលគ្របដណ្តប់លើវេទិកាផ្កាយរណប បច្ចេកវិទ្យាយានអវកាស និងសេវាកម្មឌីជីថលសម្រាប់ប្រតិបត្តិការអវកាស។

រីឯ Leonardo នឹងរួមចំណែកផ្នែកអវកាស រួមទាំងភាគហ៊ុននៅក្នុង Telespazio ដែលជាអ្នកផ្តល់សេវាផ្កាយរណប និងហេដ្ឋារចនាសម្ព័ន្ធដីគោក និង Thales Alenia Space ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Thales។

ចំណែក Thales វិញ កំពុងបន្ថែមភាគហ៊ុនរបស់ខ្លួននៅក្នុង Thales Alenia Space, Telespazio និង Thales SESO ដោយពង្រឹងសមត្ថភាពក្នុងការផលិតផ្កាយរណប សេវាកម្មអវកាស និងការគាំទ្របេសកកម្មនានាជាដើម៕

ប្រភព ៖ The Defense Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner