សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព
(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមបណ្ឌិត Datuk Seri Haji Dzulkefly bin Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសម៉ាឡេសុី នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។

អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ។

ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម នានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក ។
អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្ដីកង្វល់រួម ។
សូមជម្រាបដែរផងថា មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃចន្ទ សម្តេច ហ៊ុន ម៉ាណែត បានយកឱកាសនេះ អរគុណដល់ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើម និងជួយឲ្យមានបទឈប់បាញ់។ ហើយបន្តិចទៀត នឹងអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅម៉ាឡេស៊ី បើគ្មានអ្វីប្រែប្រួលទេ។ អរគុណដល់ថ្នាក់ដឹកនាំចិន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ និងអរគុណជាពិសេសឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
តាមគម្រោង កម្ពុជា និងថៃ នឹងចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការធ្វើជាធិបតីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ៕
ដោយ ៖ វណ្ណលុក
