លោក ដូណាល់ ត្រាំ ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនឹងចុះហត្ថលេខាភ្លាមៗ នៅពេលលោកហោះទៅដល់ម៉ាឡេស៊ី
វ៉ាស៊ីនតោន ៖ តាមផ្លូវហោះហើរមកកាន់តំបន់អាស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃភ្លាមៗ ពោលគឺនៅពេលដែលលោកធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី នៅក្នុងថ្ងៃអាទិត្យនេះ។
លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ចេញពីយន្តហោះ Air Force One ថា នាយករដ្ឋមន្រ្តីថៃបានស្នើសុំឱ្យមានការចុះហត្ថលេខាភ្លាមៗ ដោយសារតែគាត់រវល់រឿងព្រះមាតាស្តេចថៃសោយទិវង្គត។
មេដឹកនាំអាមេរិករូបនេះបន្ថែមថា ដើម្បីសម្រួលដល់អ្នករាល់គ្នា សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ នៅពេលមកដល់ម៉ាឡេស៊ី។
លោក ដូណាល់ ត្រាំ ដែលមានវ័យ ៧៩ឆ្នាំរូបនេះ នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នេះបើតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះបាននិយាយកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសជិតខាងកម្ពុជា-ថៃ បានកើតឡើងនៅក្នុងខែកក្កដា ហើយបានវិវត្តន៍ទៅជាការប៉ះទង្គិចគ្នាផ្នែកយោធាដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយបានសម្លាប់មនុស្សជាង ៤០នាក់ និងបង្ខំឱ្យពលរដ្ឋប្រហែល ៣០០,០០០នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
យ៉ាងណាមិញ ភាគីជម្លោះទាំងពីរបានយល់ព្រមលើបទឈប់បាញ់មួយ ដែលសម្របសម្រួលដោយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ ហើយចាប់តាំងពីពេលនោះមក ភាគីថៃតែងតែប្រើលេសចោទប្រកាន់មកលើកម្ពុជាច្រើនលើកច្រើនសារ ទាក់ទិនការរំលោភលើបទឈប់បាញ់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
