ទឹកធ្លាក់ឡែងកៅ ខេត្តមណ្ឌលគិរី កំពុងក្លាយជាតំបន់ទេសចរណ៍បង្កប់ដោយវប្បធម៌ជនជាតិដើមភាគតិចពូនងដ៏មានសក្តានុពល

(មណ្ឌលគិរី)៖ តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅស្ថិតនៅ ខេត្ត មណ្ឌលគិរី គឺជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមតំបន់ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តប៉ែកភាគឦសាននៃប្រទេសកម្ពុជា។ទឹកធ្លាក់ដែលលាក់ខ្លួនក្នុងព្រៃ ប្រកបដោយសក្តានុពលកន្លែងនេះគឺជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង(ព្នង)កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។

ទឹកធ្លាក់ដែលមានបីតំណាក់ មួយកន្លែងនេះស្ថិតនៅក្នុង ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី។ទីតាំងរបស់ទឹកធ្លាក់ឡែងកៅមាន រយៈមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិឆ្ពោះទៅកាន់ទីរួម ខេត្ត មណ្ឌលគិរីទេ។

ភ្ញៀវទេសចរដែលចង់ទៅ លេងកម្សាន្តទឹកធ្លាក់ឡែងកៅនេះ គឺគ្រាន់តែធ្វើដំណើរថ្មើរជើងពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រ ប៉ុណ្ណោះ នោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំមួយកន្លែង ដែលមានភាពទាក់ទាញ ដោយ លាយឡំជាមួយនឹងអាកាសធាតុត្រជាក់អមដោយព្រៃឈើស្រស់បំព្រងនារដូវវស្សានាពេលនេះ។

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ដែលទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមារបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ ក្រៅពីមានទឹកធ្លាក់៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើ ផ្ទៃដីជាង១៨ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រង ប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត។

អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានប្រាប់ឱ្យដឹងថា៖ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២៤ និង២០២៥កន្លងមកមានភ្ញៀវទេសចរណ៍ចូលកម្សាន្តប្រមាណជាង១២០០នាក់ ដោយអាចផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់គ្រួសារ។តំបន់កម្សាន្តនៅទីកន្លែងនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅបានប្រាប់ឱ្យដឹងដែរថាក្រៅពីសេវ៉ាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវ៉ានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល ស្តាប់និងមើលសត្វព្រៃ ងូតទឹកជ្រោះកម្សាន្តសម្បាយ ជាដើម។

តាមរយៈការបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ឡែងកៅនេះដែរ អ្នកនាង ច្រេង បេត បានឱ្យដឹងថាគឺពេលនេះបានជួយច្រើនដល់សហគមន៍គឺជួយបង្កើតការងារ និងពិសេសមិនឱ្យប្រជាសហគមន៍ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗទៀតឡើយព្រោះថា ប្រជាពលរដ្ឋសហគមន៍មានការងារធ្វើ លែងពឹងផ្អែកលើព្រៃឈើ ឬសត្វព្រៃដូចសម័យមុនៗទៀតឡើយ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ។

ឯកឧត្តមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានពន្យល់ថារបៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ។

គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

ដោយ ៖ ម៉ាដេប៉ូ និង លោក ង៉ាន់ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner