ប៉ាគីស្ថានព្រមានផ្ទុះសង្គ្រាមជាមួយអាហ្វហ្គានីស្ថាន

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានបានព្រមានធ្ងន់ៗកាលពីថ្ងៃសៅរ៍ថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានអាចនឹងឈានដល់ការផ្ទុះសង្គ្រាម បើសិនការចរចាសន្តិភាពនៅប្រទេសតួកគីបរាជ័យ ប៉ុន្តែប៉ាគីស្ថាននៅតែជឿជាក់ថា អាហ្វហ្គានីស្ថានចង់បានសន្តិភាព។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif និយាយថា លោកជឿជាក់ថា អាហ្វហ្គានីស្ថានចង់បានសន្តិភាព ហើយប៉ាគីស្ថានក៏ដូចជា ប៉ុន្តែបើសិនការចរចាបញ្ចប់ជម្លោះនៅទីក្រុងអ៊ីស្តង់ប៊ុល របស់តួកគីបែរជាបរាជ័យឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នោះមានន័យថា “ទ្វារសង្គ្រាមនឹងបើកចំហរ”។

ប្រមុខការពារជាតិប៉ាគីស្ថានរូបនេះ បាននិយាយនៅក្នុងសន្ទរកថាតាមបញ្ចក់ទូរទស្សន៍ថា គ្មានឧប្បត្តិហេតុណាមួយកើតឡើងក្នុងរយៈពេលបួនទៅប្រាំថ្ងៃចាប់តាំងពីបទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នាទេ ហើយភាគីទាំងពីរក៏កំពុងគោរពតាមបទឈប់បាញ់ផងដែរ។

លោកថា យើងនៅតែមានជម្រើស ប៉ុន្តែក្នុងករណីគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើងទេ នោះយើងនឹងធ្វើសង្គ្រាមដោយបើកចំហជាមួយអាហ្វហ្គានីស្ថាន។ តែលោកមើលឃើញថា អាហ្វហ្គានីស្ថានចង់បានសន្តិភាព។

ការប៉ះទង្គិចគ្នារវាងប៉ាគីស្ថាន-អាហ្វហ្គានីស្ថានបានផ្ទុះឡើងនៅដើមខែនេះ បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដបានទាមទារឱ្យរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន ទប់ស្កាត់ពួកសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា កំពុងវាយប្រហារប៉ាគីស្ថាន ចេញពីទឹកដីអាហ្វហ្គានីស្ថាន។

ចំណែកការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃអាទិត្យនេះ ហើយវាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់សង្គ្រាមផ្ទុះឡើងវិញ បន្ទាប់ពីការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏អាក្រក់បំផុត ចាប់តាំងពីក្រុមតាលីបង់ដណ្តើមអំណាចនៅអាហ្វហ្គានីស្ថានបានក្នុងឆ្នាំ ២០២១៕

ប្រភព ៖ The star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner