ឥណ្ឌាប្រារព្ធពិធីបុណ្យពន្លឺ Diwali 2025 បង្ហាញពីមិត្តភាព វប្បធម៌ និងភាពរុងរឿងរួមគ្នារវាងសហគមន៍ឥណ្ឌា-កម្ពុជា
ភ្នំពេញ ៖ សមាគមឥណ្ឌានៃសហគមន៍នៅកម្ពុជា (IACC) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធីបុណ្យពន្លឺ Diwali 2025 នៅមជ្ឈមណ្ឌលសន្និបាត OCIC ជ្រោយចង្វារ ក្នុងគោលបំណងបង្ហាញអំពីមិត្តភាព វប្បធម៌ និងភាពរុងរឿងរួមគ្នារវាងសហគមន៍ឥណ្ឌា កម្ពុជា និងប្រជាជាតិជុំវិញពិភពលោក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មន្ត្រីឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនទៀត រួមទាំងសមាជិកសហគមន៍ឥណ្ឌា និងអ្នកធុរកិច្ចជាច្រើន។
នាឱកាសនោះលោក Vanlalvawna Bawitlung បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងសហគមន៍ឥណ្ឌាដែលរស់នៅកម្ពុជា សម្រាប់ការចូលរួមជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ពិធីបុណ្យ Diwali គឺជានិមិត្តរូបនៃពន្លឺ ឯកភាព និងក្តីសង្ឃឹម ដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសឥណ្ឌា និងកម្ពុជា តាមរយៈបេតិកភណ្ឌវប្បធម៌ និងមិត្តភាពដ៏វែងឆ្ងាយជាច្រើនសតវត្ស។
ភាពជាដៃគូរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន បង្ហាញពីស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការនៅលើវិស័យវប្បធម៌ ការអប់រំ និងការអភិវឌ្ឍន៍។ ឥណ្ឌា នឹងបន្តការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍជំនាញ និងគម្រោងសហការផ្សេងៗ ដែលរួមចំណែកដល់ភាពរុងរឿងរបស់ប្រទេសទាំងពីរ។
នាឱកាសនោះដែរ លោក Jaspal Singh ប្រធានសមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឥស្សរជន ភ្ញៀវអ្នកឧបត្ថម្ភ និងសហគមន៍ទាំងមូល ដែលបានរួមចំណែកឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងអស្ចារ្យ។ លោកបានចែករំលែកថា៖ ការប្រារព្ធពិធីបុណ្យ Diwali ឆ្នាំនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតីរួមរបស់យើង ការរួបរួមរបស់ជនជាតិឥណ្ឌា ប្រជាជនកម្ពុជា និងមិត្តភក្តិមកពីជុំវិញពិភពលោក ក្នុងពិធីបុណ្យមួយដែលអបអរសាទរពន្លឺ ក្តីសង្ឃឹម និងមនុស្សជាតិ។ កម្មវិធីមានការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ពីក្រុមរាំ និងតន្ត្រីឥណ្ឌាដ៏ល្បី ដែលបានបង្ហាញសម្តែងប្រពៃណី និងបែបបូលីវូដដ៏រីករាយ។ ការសម្តែងរបាំអប្សរពិសេសពីសាលារបាំ ព្រះនាងបុប្ផាទេវី ក៏បានបង្ហាញពីសិល្បៈបុរាណដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលជានិមិត្តរូបនៃចំណងអរិយធម៌រវាងប្រទេសទាំងពីរ។
ពិធីនេះ ក៏មានការសម្តែងតន្ត្រីផ្ទាល់ដោយអ្នកចម្រៀងឥណ្ឌាឈានមុខគេ ដូចជា Khushboo Grewal, Sandeep Batra និង Bhargavi Pillai ដែលបានបន្ថែមភាពរីករាយ និងថាមពលដល់ពេលយប់។ ភ្ញៀវបានរីករាយជាមួយអាហារប៊ូហ្វេ បែបឥណ្ឌាដ៏អស្ចារ្យ ដែលរៀបចំដោយមេចុងភៅកំពូល រួមទាំងភេសជ្ជៈដោយឥតគិតថ្លៃ ការបង្ហាញវប្បធម៌ និងការចាប់រង្វាន់គួរឱ្យរំភើប ហើយព្រឹត្តិការណ៍នេះទទួលបានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ឥណ្ឌា មន្ត្រីរាជការ អ្នកដឹកនាំធុរកិច្ច ជនបរទេស និងមិត្តភក្តិឥណ្ឌា ដែលជាភស្តុតាងនៃភាពរួមគ្នានិងក្តីស្និទ្ធស្នាលរវាងប្រជាជាតិទាំងពីរ។ មហោស្រពនេះបានបញ្ជាក់ឡើងវិញអំពីទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា និងកម្ពុជាដែលកំពុងរីកចម្រើន បង្ហាញពីតួនាទីសកម្មរបស់សហគមន៍ឥណ្ឌានៅក្នុងទិដ្ឋភាពពហុវប្បធម៌នៃកម្ពុជា។
សូមបញ្ជាក់ដែរថា សមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលបង្កើតឡើងសម្រាប់លើកកម្ពស់ការចូលរួមផ្នែកវប្បធម៌ ការអប់រំ និងការរីកចម្រើននៃទំនាក់ទំនងរវាងជនជាតិឥណ្ឌាដែលរស់នៅកម្ពុជា និងប្រជាជនកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ជាប្រចាំ ដូចជា ពិធីបុណ្យ Diwali សមាគម IACC បន្តអភិវឌ្ឍស្មារតីនៃការរួមបញ្ចូល និងមិត្តភាពរវាងប្រជាជាតិឥណ្ឌា និងកម្ពុជា៕ អត្ថបទ ៖ ឈឹម ទីណា











