អាមេរិក-ចិន ឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនជំនួបលោក Trump និងលោក Xi

គូឡាឡាំពួ ៖ សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃអាទិត្យ បានឯកភាពគ្នាលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលមួយ នៅមុនពេលជំនួបរវាងលោកប្រធានាធិបតី Donald Trump និងលោក Xi Jinping នៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។

កិច្ចព្រមព្រៀងគ្នានេះត្រូវបានធ្វើឡើង អំឡុងជំនួបចរចារវាង លោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក និងលោក Li Chenggang មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ចិន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី ។

លោក Scott Bessent និយាយថា ប្រទេសទាំងពីរបានសម្រេចជោគជ័យក្នុងក្របខ័ណ្ឌដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវសម្រាប់មេដឹកនាំទាំងពីរធ្វើការពិភាក្សាគ្នា ក្នុងជំនួបនាពេលខាងមុខ ។

លោកថា កិច្ចព្រមព្រៀងនេះ ក៏នឹងអាចពន្យារពេលការរឹតត្បិតការនាំចេញសារធាតុរ៉ែកម្ររបស់ចិន និងបញ្ចៀសការដំឡើងពន្ធ ១០០% របស់សហរដ្ឋអាមេរិកមកលើចិនផងដែរ ។

ចំណែក លោក Li Chenggang ក៏បានចេញមកបញ្ជាក់ដែរថា ការពិភាក្សានេះបានប្រព្រឹត្តទៅ ប្រកបដោយ ការស្ថាបនា ។ លោកថា ក្រុមចរចាទាំងពីរបានឈានដល់ការឯកភាព ជាមូលដ្ឋាន លើការរៀបចំដោះស្រាយកង្វល់ រៀងៗខ្លួន ។

បើតាមសារព័ត៌មាន BBC, នៅមុនពេលការចរចាត្រូវរូវគ្នានេះ កើតមានឡើង លោក Trump ធ្លាប់បានគំរាមថា លោកនឹងដាក់ពន្ធបន្ថែម 100% លើទំនិញរបស់ចិន ចាប់ពីខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងរបស់ប្រទេសចិន លើការនាំចេញរ៉ែកម្រ ដែលជាសម្ភារៈចាំបាច់សម្រាប់ផលិតគ្រឿងអេឡិចត្រូនិក ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner