ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ៖ នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងដែលបានជំរុញកំណើនទីផ្សារ នូវភាពសម្បូរបែប
(ភ្នំពេញ)៖ នៅឆ្នាំ២០២៥នេះ ទីផ្សារយានយន្តនៅកម្ពុជាកំពុងការរីកចម្រើនយ៉ាងខ្លាំង និងដំណើរការយ៉ាងស្វាហាប់ ដែលជំរុញកំណើនទីផ្សារនូវភាពសម្បូរបែប ដែលក្នុងនោះឃើញមាន ការកើនឡើងនៃចំណាប់អារម្មណ៍លើរថយន្តអគ្គិសនីផងដែរ ។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី នៅកម្ពុជា។
តំណាងក្រុមហ៊ុន GTV MOTOR CAMBODIA បានបញ្ជាក់ថា នេះមិនមែនគ្រាន់តែជាការបើកសម្ពោធវិទ្យាស្ថានស្រាវជ្រាវមួយប៉ុណ្ណោះទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់របស់កម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី។
លោកបានបញ្ជាក់ថា វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី បានគាំទ្រការបង្កើត គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ដែលនឹងជួយបំពេញហេដ្ឋារចនាសម្ព័ន្ធគាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម«គោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០» ហើយ សង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តជាក់ស្តែង និងរីកចម្រើនទៅអនាគត ។
ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងបង្កើតឱ្យមានគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជានេះឡើង គឺជាកត្តាចូលរួមចំណែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងក៏ជាទឡ្ហីករណ៍សំខាន់ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយការបំភាយកាបូន ព្រមជាមួយតម្រូវការនៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះវិស័យយានយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ពិតជាបានតម្រង់ទិសការអភិវឌ្ឍឱ្យចំគោលដៅ និងធានាភាពធន់ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ





