យុវជនជាតិភាគតិចពូនង ជិត ១០០នាក់នៅខេត្តមណ្ឌលគិរី បានទទួលប្រយោជន៍ពីគម្រោងរេដបូកកែវសីមា

មណ្ឌលគិរី៖ គម្រោងរេដបូកកែវសីមាបានផ្តល់អាហាររូបករណ៍តាមរយៈដៃគូ​របស់ខ្លួន។គម្រោងនេះបាន​ធ្វើការបែង​ចែក ជា៣ផ្នែក មានដូចជា អាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ ,សិស្សជំនាញវិជ្ជាជីវៈ និង​អាហារូប​​ករណ៍សិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS គឺជាដៃគូមួយក្នុង​គម្រោងរេដបូក។

ក្នុងយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតង​នៅតាម​សហគមន៍មូលដ្ឋាន» ដល់សិស្សនៅវិទ្យាល័យកែវសីមាក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗមកនេះ លោក ខែម វាសនា មន្រ្តីសម្របសម្រួលរបស់អង្គការWCSបានឱ្យដឹងថា កន្លងមកនេះគម្រោងរេដបូក កែវសីមា បានផ្តល់​សម្រាប់​សិស្សជនជាតិដើមភាគតិចទៅសិក្សានៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញចំនួន៥នាក់។

ពេលនេះ​បាន​បញ្ចប់​ការសិក្សាផងដែរ។ក្នុងចំណោមនិស្សិតដែលបានទទួលអាហារូបករណ៍ទាំងអស់​នេះបានចូល​ធ្វើការ​តាមអង្គការ និងមួយ​ចំនួនទៀតបានចូលធ្វើការតាមស្ថាប័នរដ្ឋ។ដោយឡែកក្នុងឆ្នាំ២០២៥នេះគម្រោងអាហាររូបករណ៍ នឹងធ្វើការជ្រើសរើសសិស្សចំនួន១០នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រក​កែវសីមា ទៅសិក្សានៅសាលាភូមិន្ទកសិកម្មក។ក្នុងឆ្នាំ២០២៥នេះដែរអង្គការ WCSក៏មានការជ្រើសរើសសិស្សអាហា​រូបករណ៍ជំនាញវិជ្ជាជីវៈចំនួន៥នាក់បន្ថែមទៀតសម្រាប់ការសិក្សារយៈពេល២ឆ្នាំ។

មន្រ្តីសម្របសម្រួលដដែលបានបញ្ជាក់ថា បើគិតសរុបសិស្សដែលត្រូវបានអង្គការ WCSផ្តល់អាហាររូបករណ៍នានា​កន្លង​មកនេះមានប្រមាណជិត១០០នាក់ រួចមកហើយ។

យុវជន ណាក់ ដាលីន ដែលបានទទួលអាហាររូបករណ៍តាមរយៈគម្រោងរេដបូកកែវសីមា ចាប់ពីឆ្នាំ២០២៤ដល់ ឆ្នាំ ២០២៦នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅ ខេត្តមណ្ឌលគិរីបាននិយាយថា តាមរយៈអាហារូបករណ៍ មានការបង់ថ្លៃសិក្សា ប្រាក់សម្រាប់ការសិក្សា និងការជួយឧបត្ថម្ភមួយចំនួនទៀត។លោកថាការទំនុកបម្រុងទាំងនេះ​ជួយជំរុញដល់រូបលោកក្នុងសិក្សាមុខជំនាញពេញលេញ ពោលគឺមិនបង្កការលំបាកដល់ក្រុមគ្រួសារក្នុងការចំណាយលើ
ការសិក្សា។

ក្នុងវ័យ២១ ឆ្នាំ ជាជនជាតិដើម ភាគតិចពូនង(ព្នង) យុវជនរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា​ក្រោយបញ្ចប់មុខ​ជំនាញទៅ​ក្រៅអំពីការសង្ឃឹមជឿជាក់ថាមានការងារធ្វើហើយ រូបលោក ក៏ដូចជាសិស្ស និស្សិតដទៃទៀតនឹងបាន​រួមគ្នាចូលរួមកសាងសហគមន៍ ដែលជាជាតិដើមភាគតិចពូនងកាន់តែប្រសើរឡើង និងមានការរីកចម្រើនដោយ​មិនចាំបាច់ពឹងផ្អែកលើធនធានធម្មជាតិដូចពេលមុននោះឡើយ។

ចំណែក កញ្ញា នុត លក្ខិណា ដែលមានទទួលអាហារូបករណ៍រយៈពេល២ឆ្នាំក្នុងមុខជំនាញ​កុំព្យូទ័រនោះបាននិយាយថា​ការបានរៀនមុខជំនាញពិតជាបានជួយដល់ក្រុមជនជាតិភាគតិចរបស់កញ្ញាយ៉ាងច្រើនណាស់ពីព្រោះថាមិនត្រឹមសិក្សាមិនចំណាយថវិកាទេ តែក៏ទទួលការបណ្តុះបណ្តាលដោយផ្តល់ថវិការសម្រាប់ចាយវាយមួយផ្នែកប្រចាំថ្ងៃផង។កញ្ញាក៏សង្ឃឹមថាការទទួលបានបណ្តុះបណ្តាលនេះនឹងជួយឱ្យកញ្ញាងាយរកការងារធ្វើនៅបេលបញ្ចប់ការសិក្សាទៅ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ឱ្យដឹងថាគម្រោងរេដបូកបានជួយ​ទៅលើ​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្ស ដែលមានជីវភាព​ខ្វះខាតបន្តការសិក្សាទាំងក្នុងការសិក្សាវិទ្យាល័យរហូតដល់ការបន្តការសិក្សាដល់សាកលវិទ្យាល័យ។គម្រោងនេះ​មិនត្រឹម​តែជួយដល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានការវិវឌ្ឍន៍រីកចម្រើនទេ តែក៏បានជួយដល់កូនចៅ​សហគមន៍​មូលដ្ឋានមានចំណេះដឹងសម្រាប់កសាងធនធានមនុស្សឱ្យកាន់តែសម្បូរបែបនៅកម្ពុជាទៀតផង។

គួរជម្រាបថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី ៣១៧ ៤៥៦ ហិកតា ស្ថិតនៅភាគខាងកើត​ប្រទេស​កម្ពុជា ដោយមួយផ្នែកធំមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុង ខេត្តក្រចេះ។​អង្គការWCSសហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមក​ពីការ​បាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ រេដបូក(REDD+) នៅក្នុងដែនជម្រកសត្វព្រៃនេះតែម្តង។ គម្រោងនេះផ្តោត​លើសកម្មភាពសំខាន់ៗដូចជា ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំ​ដោយសហគមន៍​មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម។

គួរបញ្ជាក់ថាគម្រោងរេដបូកកែវសីមា អនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ​ក្រោមកិច្ចសហការជាមួយ​ក្រសួងបរិស្ថាន ដើម្បីយុវជនទាំងនោះបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ៕

ដោយ៖ម៉ាដេប៉ូ និងលោក ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner