តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃក្នុងការចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ ‎សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។

‎សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរដល់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍប្រទេស និងកសាងមូលធនមនុស្ស។ កិច្ចប្រជុំនេះ គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ្កការល្អ តាមរយៈការបង្ហាញ និងលើកកម្ពស់គោលការណ៍អហិង្សា។ ‎‎សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី ឱវាទជួយដល់អ្នកប្រតិបត្តិ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងប្រទេសកម្ពុជា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួសផ្លូវចិត្តរាំរ៉ៃពីអតីតកាល។ ចំណែកឯព្រះសង្ឃបានចូលរួមចំណែកស្តារឡើងវិញនូវអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ តាមរយៈ ទ្រឹស្តីព្រះពុទ្ធសាសនា មានធម៌អហិង្សា សាមគ្គីធម៌ និងព្រហ្មវិហារធម៌។

ព្រះពុទ្ធសាសនា គឺជាសាសនាផ្លូវការរបស់ប្រទេសកម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ តម្លៃ និងជីវិតប្រចាំថ្ងៃ។ ភាពធន់របស់វាត្រូវបានបង្ហាញដោយការរស់ឡើងវិញបន្ទាប់ពីរបបខ្មែរក្រហមបានព្យាយាមបំបាត់វានៅចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។

គោលការណ៍ព្រះពុទ្ធសាសនានៃការមិនហឹង្សា មេត្តា និងកម្មផល បង្កើតអាកប្បកិរិយាសង្គម សីលធម៌ និងពិធីបុណ្យ។ ការអនុវត្តជាច្រើនក៏រួមបញ្ចូលផងដែរនូវសាសនាជនជាតិដើមភាគតិច ដូចជាជំនឿលើខ្មោច និងវិញ្ញាណជាដើម។ ថ្វីត្បិតតែត្រូវបានខ្មែរក្រហមបំផ្លាញស្ទើរតែទាំងស្រុង ដែលបានសម្លាប់ព្រះសង្ឃ និងបំផ្លាញប្រាសាទក៏ដោយ ក៏ព្រះពុទ្ធសាសនាត្រូវបានអ្នកភូមិរស់ឡើងវិញដោយឯកឯងក្នុងទសវត្សរ៍ឆ្នាំ 1980 ។ ព្រះសង្ឃ​បាន​ដើរ​តួនាទី​ក្នុង​ការ​ព្យាបាល​ជាតិ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សន្តិភាព​បន្ទាប់​ពី​ជម្លោះ។ សព្វថ្ងៃនេះ ព្រះពុទ្ធសាសនាត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយតម្លៃនៃអហិង្សា និងអព្យាក្រឹតភាពបានមានឥទ្ធិពលលើគោលនយោបាយជាតិ។ ប្រាសាទល្បីៗដូចជា អង្គរវត្ត ក៏មានមុខងារជានិមិត្តសញ្ញាជាតិផងដែរ។

វត្តអារាមខ្មែរ តាមប្រពៃណីបានបម្រើជាមជ្ឈមណ្ឌលសម្រាប់ការអប់រំតាមភូមិ ជាពិសេសសម្រាប់ក្មេងប្រុស។ ពួកគេក៏ផ្តល់សេវាសង្គមដូចជាទីជម្រកសម្រាប់ក្មេងកំព្រា និងបម្រើជាកន្លែងប្រជុំ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner