លោក ដូណាល់ ត្រាំ ស្នើចូលខ្លួនជួយពន្លត់ភ្លើងសង្គ្រាមប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត បានស្នើចូលខ្លួនជួយសម្របសម្រួលបញ្ចប់សង្គ្រាមរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ស្របពេលដែលមន្រ្តីប្រទេសទាំងពីរនៅមិនទាន់ស្វែងរកច្រកចេញពីមាត់ទ្វារជម្លោះ ទោះបីមានការចរចាគ្នាជាច្រើនថ្ងៃនៅប្រទេសតួកគីក៏ដោយ។ នេះបើយោងតាមប្រភពចំនួន៣ដែលដឹងលឺពីបញ្ហានេះ។
លោកប្រធានាធិបតី ត្រាំ បាននិយាយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យថា រូបលោកបានទទូចសាជាថ្មី នៅក្នុងការចូលខ្លួនជួយបញ្ចប់ជម្លោះប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។
មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំនឹងព្យាយាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស… ពីព្រោះខ្ញុំស្គាល់ច្បាស់ពីពួកគេ… ហើយខ្ញុំក៏ជឿជាក់ដែរថា យើងនឹងអាចធ្វើរឿងនេះបានឆាប់បំផុត។
គួរបញ្ជាក់ថា ប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរ (ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន) បានព្រមព្រៀងលើបទឈប់បាញ់ក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី១៩ ខែតុលា បន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាច្រើនថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ដែលនេះជាអំពើហិង្សាដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីពួកតាលីបង់ឡើងគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១។
គិតមកទល់ពេលនេះ ការចរចាសន្តិភាពជុំទីពីររវាងប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដែលសម្រុះសម្រួលដោយប្រទេសតួកគី ក្នុងគោលបំណងស្វែងរកបទឈប់បាញ់រយៈពេលវែងមួយ ហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលភាគីជម្លោះទាំងពីរនៅតែមានការខ្វែងគំនិតគ្នានៅឡើយ៕



ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា