៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត៤០០គ្រឿង!
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីសរុបចំនួន ៦២៨រូប ចូលរួមព្រឹត្តិការណ៍ប្រកួត ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ៣៩២គ្រឿង ។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនំពាក្យក្រសួងមហាផ្ទៃថា ក្នុងចំណោមមេដាយជិត ៤០០គ្រឿងនោះ មេដាយឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតក្នុងប្រទេស ទទួលបានចំនួនសរុប ២៣៧គ្រឿង រួមមាន មេដាយមាស ១០០គ្រឿង មេដាយប្រាក់ ៧០គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦៧គ្រឿង និងព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ទទួលបានមេដាយសរុប ១៥៥គ្រឿង រួមមានមេដាយមាស ៤១គ្រឿង មេដាយប្រាក់៥៧ និងមេដាយសំរឹទ្ធចំនួន ៥៧គ្រឿង។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ក្នុងរយៈពេល ៩ខែនេះដែរ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីចំនួន ១០រូប មានកីឡាករ ២រូប និងកីឡារិនី ១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ៦លើក រួមមាន ១.វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមអន្តរជាតិ កីឡាតេក្វាន់-ដូITF ២.វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ៣.វគ្គបំប៉នសមត្ថភាពស្ដីពី “ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” ៤.វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ៥.វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលថ្នាក់ជាតិ កីឡាសូហ្វតិន្នីស និងទី៦.វគ្គបណ្ដុះបណ្ដាលកីឡាស្ដីពី “ដូប៉ា ដូពីង”។
មិនត្រឹមតែប៉ុណ្ណោះ អគ្គលេខាធិការដ្ឋាន ក៏បានបញ្ជូនមន្ត្រីជាកីឡាការិនី ១រូប ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៅក្រៅប្រទេស ក្នុងកម្មវិធីអភិវឌ្ឍន៍ក្រុមបឹ្រក្សាអូឡាំពិកអាស៊ី-សមាជិកកីឡាយុទ្ធគុនចម្រុះអាស៊ី បណ្តុះបណ្តាលអាជ្ញាកណ្តាល លើកទី១នៅទីក្រុង Manama នៃប្រទេសប៉ារែន។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង ក្នុងគោលបំណង លើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាព បច្ចេកទេសឱ្យមានការ រីកចម្រើនដើម្បីធ្វើសមាហរណកម្មចូលជាសមាជិក សហភាពកីឡានគរបាលជាតិអន្តរជាតិ International Police Sport Union សរសេរជាអក្សរកាត់ “ IPSU ” ។ ក្រុមប្រឹក្សាកីឡា មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ និងអង្គភាពចំណុះចំនួន ៥ រួមមាន ១- អង្គភាពរដ្ឋបាល-ហិរញ្ញវត្ថុ ២-អង្គភាពកីឡានគរបាលជាតិកម្ពុជា ៣-អង្គភាពបច្ចេកទេសកីឡាជំនាញ ៤-អង្គភាពសហប្រតិបត្តិការកីឡាអន្តរជាតិ ៥-អង្គភាពសវនកម្មផ្ទៃក្នុង៕





ដោយ ៖ ជា ចន្ធូ
ប្រភព ៖ ក្រសួងមហាផ្ទៃ