ស្នងការនគរបាលខេត្ដតាកែវ ប្រាប់មន្រ្តីក្រោមអំពីការងារប្រាំមួយចំណុចដែលត្រូវយកចិត្តទុកដាក់
តាកែវ៖ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៤កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានជំរុញដល់មន្រ្តីការិយាល័យជំនាញ និងស្នងការរងទទួលផែននីមួយៗ ចូលរួមពង្រឹងលើកិច្ចការងារដឹកនាំទៅតាមជំនាញរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត។
មានការងារចំនួនប្រាំមួយចំណុចដែលឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តជំរុញដល់កងកម្លាំងនៃស្នងការនគរបាលខេត្តបន្តយកចិត្តក្នុងនោះ៖១.ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង,២.ផ្សព្វផ្សាយសភាពការណ៍ថ្មីៗតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ,៣.ប្រមូលផ្តុំកម្លាំងប្រចាំការនិងល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តខេត្ត ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព,៤.បន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញខ្លីៗដល់មន្រ្តីនគរបាលខេត្តជាប្រចាំ,
៥.បន្តការចុះផ្សព្វផ្សាយតាមវេទិកាសាធារណៈអំពីផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង ចោលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិង៦.បន្តការចុះផ្តល់សេវាតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕
ដោយ៖សាំង សារ៉ាវី