UN និងបារាំងថ្កោលទោសអ៊ីស្រាអែល ដែលវាយប្រហារលើកងរក្សាសន្តិភាពនៅលីបង់
បេរូត ៖ អង្គការសហប្រជាជាតិ និងបារាំង កាលពីថ្ងៃច័ន្ទ បានថ្កោលទោស ការបាញ់ប្រហារ របស់អ៊ីស្រាអែល នៅជិតកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNIFIL នៅភាគខាងត្បូង ប្រទេសលីបង់។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើង កាលពីថ្ងៃអាទិត្យ ដែលយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដៃ នៅតំបន់ជុំវិញការល្បាតរបស់ UNIFIL ហើយ ក្រោយមក រថក្រោះអ៊ីស្រាអែល បានបាញ់ប្រហារទៅលើកងរក្សាសន្តិភាព នៅ Kfar Kila ក្នុងតំបន់ប្រតិបត្តិការ របស់ UNIFIL»។
ប្រភពបន្តថា «សហសេវិករបស់យើង នៅ UNIFIL កំពុងទាក់ទង ជាមួយ IDF សំដៅលើកងកម្លាំងអ៊ីស្រាអែល ដើម្បីតវ៉ាយ៉ាងខ្លាំង ចំពោះអ្វីដែលបានកើតឡើង វាមិនមែនជាលើកទីមួយទេ ដែលយើងមានអារម្មណ៍ថា យើងត្រូវបានគេកំណត់គោលដៅ ដោយវិធីផ្សេងគ្នា ពីសំណាក់កងកម្លាំង IDF ឬ ការបាញ់ព្រមាន ដែលវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់»។
កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ធ្វើការជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់ជម្លោះជាងមួយឆ្នាំ រវាងក្រុម Hezbollah ដែលគាំទ្រដោយប្រទេសលីបង់ និង អ៊ីស្រាអែល។
យោងតាមប្រភព ការទូតបារាំង ទាហាន UNIFIL ដែលពាក់ព័ន្ធក្នុងឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យ គឺជាជនជាតិបារាំង។ ក្រសួងការបរទេសបារាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ ថា «ប្រទេសបារាំងថ្កោលទោស ការបាញ់របស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើ UNIFIL នៅថ្ងៃទី២៦ ខែតុលា»។
កាលពីថ្ងៃអាទិត្យ UNIFIL បាននិយាយថា យន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែលបានហោះពីលើការល្បាតរបស់ខ្លួន ក្នុងលក្ខណៈ “ឈ្លានពាន” ។ ប្រភពបន្តថា កងរក្សាសន្តិភាពបានអនុវត្ត វិធានការការពារចាំបាច់ ដើម្បីបន្សាបយន្តហោះគ្មានមនុស្សបើក ហើយ ឧបទ្ទវហេតុនេះ បង្ហាញពីការមិនយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព និងសន្តិសុខ នៃកងរក្សាសន្តិភាព ដែលជាការអនុវត្តភារកិច្ច របស់ក្រុមប្រឹក្សាសន្តិសុខ នៅភាគខាងត្បូង ប្រទេសលីបង់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត