កម្ពុជារៀបចំសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង

សៀមរាប៖ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកាលពី​ព្រឹក​ថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៥​បាន​អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង។សិក្ខាសាលានេះ បានប្រព្រឹត្ត​ទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីស៊ត និងស្ប៉ា ខេត្តសៀមរាប។

សិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុង​គោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាព​មីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។

សិក្ខាសាលាមានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលធ្វើ​ការងារ​ពាក់ព័ន្ធ​នឹងវិស័យសកម្មភាពមីនរបស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួម​ទាំងកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ជូនចំពោះគណៈប្រតិភូពីប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានចូលរួមក្នុងសិក្ខា​សាលា​ថ្នាក់តំបន់នេះ ដែលបានបង្ហាញ​ពីឆន្ទៈ​ក្នុងការបង្កើនកិច្ចសហ​ប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់​ដោយសារមីន និងសំណល់ជាតិផ្ទុះពី​សង្គ្រាម។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​បានចាត់ទុកវិស័យ​សកម្មភាព​មីនជាស្នូលនៃការអភិវឌ្ឍ និងក្លាយជាប្រទេសឈានមុខក្នុង​សកម្មភាពមីនសកល។ ឆ្នាំមុនកម្ពុជា​បានធ្វើជា ប្រធានអនុសញ្ញា​អូតាវ៉ា ។កម្ពុជាបានជំរុញឱ្យមានការប្តេជ្ញាចិត្តជាថ្មីសម្រាប់ពិភពលោក ក្នុងការលុប​បំបាត់ការរង ទុក្ខវេទនាដោយសារមីន ជាពិសេស​តាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការណ៍​និងផែនការសកម្មភាព​សៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញទិស​សកម្មភាព​មីនសកល៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner