អេស្ប៉ាញរឹបអូសកប៉ាល់ដឹកកូកាអ៊ីន ៦.៥០០គីឡូក្រាម

ម៉ាឌ្រីដ ៖ ប៉ូលិសអេស្ប៉ាញបានរឹបអូសកប៉ាល់ជួញដូរ កូកាអ៊ីន ៦.៥០០គីឡូក្រាម។

ភ្នាក់ងារមកពីក្រុមប្រតិបត្តិការពិសេស របស់ប៉ូលីសជាតិអេស្ប៉ាញ ដោយមានការគាំទ្រពីកងទ័ពជើងទឹក បានរឹបអូសកប៉ាល់ ជួញដូរ កូកាអ៊ីន ៦.៥០០គីឡូក្រាម
នៅចម្ងាយ ប្រមាណ៩៦៥គីឡូម៉ែត្រ ពីកោះកាណារី។

មន្ត្រីមកពីក្រុមប្រតិបត្តិការពិសេស បញ្ជាក់ថា កប៉ាល់នេះ មានប្រវែងជាង ៥៤ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជម្រៅ ៤.៥ ម៉ែត្រ ត្រូវបានគេកំណត់គោលដៅ នៅកំពង់ផែ Vigo។

កិច្ចសហប្រតិបត្តិការប៉ូលិសអន្តរជាតិ បានអនុញ្ញាតឱ្យទទួលបានព័ត៌មាន ពីរដ្ឋបាលប្រឆាំងគ្រឿងញៀនអាមេរិក ហៅកាត់ DEA កាលពីពេលថ្មីៗនេះ ដោយជូនដំណឹង ដល់អាជ្ញាធរ ចំពោះសកម្មភាព របស់អង្គការឧក្រិដ្ឋកម្មអន្តរជាតិ ដែលគ្រោងនឹងដឹកជញ្ជូនកូកាអ៊ីន ក្នុងបរិមាណដ៏ច្រើន ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដូចដែលបានរៀបរាប់លម្អិត ដោយស្ថាប័នសន្តិសុខ។

របាយការណ៍ដំបូង បានបង្ហាញថា កប៉ាល់មានទង់ជាតិ តង់ហ្សានី ដែលបានចាកចេញពីកំពង់ផែមួយ របស់ប៉ាណាម៉ា កំពុងធ្វើដំណើរ ទៅកាន់ប្រទេសអេស្ប៉ាញ។ អាស្រ័យហេតុនេះ អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំ របស់ការិយាល័យរដ្ឋអាជ្ញាពិសេស ប្រឆាំងគ្រឿងញៀន នៃតុលាការជាតិ និងដោយមានការគាំទ្រពីកងទ័ពជើងទឹកអេស្ប៉ាញ បានសម្របសម្រួលប្រតិបត្តិការ ដើម្បីកំណត់ទីតាំងនាវា តែម្តង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner