វត្តថ្មរមៀលនៅក្បែរជើងភ្នំដងរែក ទទួលបានអង្គកឋិនទានសាមគ្គីរបស់សម្ដេចក្រឡាហោម ស ខេង

បន្ទាយមានជ័យ៖អង្គកឋិនទានសាមគ្គីមួយដែលផ្តួចផ្តើមដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ​និងលោក​ជំទាវ បានដង្ហែទៅកាន់វត្តគិរីរុក្ខរាម ហៅវត្តថ្មរមៀល ស្ថិតនៅ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក​ ខេត្តបន្ទាយ​មានជ័យ កាលពីចុង​សប្ដាហ៍កន្លងទៅនេះ ។

លោក ប្រាក់ សុភ័ទ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា អង្គកឋិនទានសាមគ្គី ផ្តួចផ្ដើមឡើងដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សក្រ និងលោកជំទាវ ,ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ។

លោក ប្រាក់ សុភ័ទ បន្តថា បច្ច័យបានពីអង្គកឋិនទានសរុបបចំនួន ៩.៣៦៣១ដុល្លារ​អាមេរិកនិង​១១លានរៀល។

ចំណែកព្រះតេជគុណ រ៉េន ស៊ីណាត ចៅអធិការវត្តថ្មរមៀល លេខាធិការអនុគណស្រុកថ្មពួកបានរំលឹកត្រួសៗពី​ប្រវត្តិ​វត្តថ្មរមៀល ថាជាវត្តស្ថិត​នៅក្បែរជើងភ្នំដងរែកជាប់ព្រំដែនថៃក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្ត​បន្ទាយ​មានជ័យ​​។ដោយសារកាលដើមឡើយមានផ្ទាំងថ្មធំរមៀលធ្លាក់មកពីកំពូលភ្នំជាច្រើនមកគរនៅនឹងបរិវេណ​ជើង​ភ្នំដងរែក​​ដែលជាទីអារាមនោះ ទើបហៅរត់មាត់ថា វត្តថ្មរមៀល។ម៉្យាងដោយជំនឿ​របស់ប្រជាពលរដ្ឋថាទីសក្ការៈ​មួយនេះ មានបារមីស័ក្តិសិទ្ធ ក៏មានការកសាងក្លាយជាវត្តសម្រាប់គោរពបូជា ៕

 ដោយ៖គៀន ច័ន្ទហ៊ីន
ads banner