មន្រី្តជាន់ខ្ពស់ ៖ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់

(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា ក្នុងចំណោមជំងឺមហារីកទាំងអស់ គឺរកឃើញថា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់។ ជំងឺមហារីកមាត់ស្បូន ត្រូវបានទទួលស្គាល់ថា ជាបញ្ហាសុខភាពសាធារណៈដែលគួរកត់សម្គាល់។ នៅទូទាំងពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់លេខរៀងទី៤ នៃជំងឺមហារីកដែលកើតមានឡើងច្រើនបំផុតលើស្ដ្រី ។

នេះបើតាមការបញ្ជាក់ឱ្យដឹង របស់លោកជំទាវសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាក្នុងឱកាសសិក្ខាសាលា បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ លើការរកឃើញមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ដ អេច ភី វី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានការពារសុខភាព ជាលេខាធិការដ្ឋាន បានខិតខំរៀបចំបង្កើតឡើងនូវផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់ការពារជំងឺមិនឆ្លង ២០២២-២០៣០ ដែលផែនការសកម្មភាពសម្រាប់បង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន និង និយាមប្រតិបត្ដិស្ដង់ដាជាតិ សម្រាប់ពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បួន ដែលបានធ្វើបច្ចុប្បន្នភាព ឆ្នាំ២០២៥ ។

បើតាមតួលេខនៅឆ្នាំ២០២២ លោកជំទាវសាស្ដ្រាចារ្យបានបញ្ជាក់ថា ស្ដ្រីប្រមាណ ៦៦២,៣០១នាក់ ត្រូវបានរកឃើញថា មានជំងឺមហារីកមាត់ស្បូន ហើយស្ដ្រីប្រមាណ ៣៤៨,៨៧៤នាក់ បានស្លាប់ដោយសារជំងឺនេះ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ដែលបណ្ដាលមកពីជំងឺមហារីកមាត់ស្បួននេះ យើងអាចបង្ការ និងព្យាបាលបាន ប្រសិនបើជំងឺនេះត្រូវបានរកឃើញនៅដំណាក់កាលដំបូង និងគ្រប់គ្រងការព្យាបាលប្រកបដោយប្រសិទ្ធិភាព ។

ជាមួយគ្នានោះ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានជំរុញគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លងជាអាទិភាព និងធ្វើការរួមគ្នា ក្នុងការអនុវត្ដសកម្មភាពកាត់បន្ថយបន្ទុកនៃជំងឺដែលអាចការពារបាន ជាពិសេសជំងឺមហារីកមាត់ស្បូននេះ។

សូមជម្រាបជូនថា សិក្ខាសាលាដែលរៀបចំនាពេលនេះ បានឆ្លុះបញ្ចាំងងពីលទ្ធផលស្រាវជ្រាវ និង មានគោលបំណងផ្ដល់ជាគោលគំនិតសំខាន់សម្រាប់ការពិចារណា ក្នុងការផ្លាស់ប្ដូរការពិនិត្យរកកោសិកាមហារីកមាត់ស្បូនដោយប្រើប្រាស់តេស្ដ VIA មកប្រើប្រាស់តេស្ដ HPV ជាតេស្ដដំបូងសម្រាប់ការពិនិត្យដែលជាតេស្ដមានគុណភាពខ្ពស់ ក្នុងការស្វែងរកកោសិកាមិនប្រក្រតីមុនមហារីក៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner