ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូរអភិវឌ្ឍន៍លំនៅឋាន ឱ្យមានតម្លៃសមរម្យដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់គិតគូរកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល មានប្រាក់សន្សំ និងធ្វើយ៉ាងណាអភិវឌ្ឍន៍លំនៅឋាន ឱ្យមានតម្លៃសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបានគ្រប់ៗគ្នា ។

ថ្លែងក្នុងកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានសង្គម និងលំនៅឋានតម្លៃសមរម្យ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គោលនយោបាយដែលក្រសួងបានដាក់ចេញ គឺធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមជាតិ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានការលំហែសម្រាប់គ្រួសារ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ដែលកត្តាទាំងអស់នេះមិនមែនជារឿងងាយស្រួលនោះទេដូច្នេះការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រមូលមតិយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាសម្រេចបាននូវគោលដៅរបស់ក្រសួង ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះមានការបង្កើតមូលធនមនុស្សដែលមានភាពឆ្លាតវៃ វាងវៃ ឧស្សាហ៍ព្យាយាម ដើម្បីក្លាយជាចលករដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីគោលគំនិតមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋអាចមានលំនៅឋានរស់នៅសមរម្យបានគ្រប់គ្នា នោះគឺត្រូវធ្វើយ៉ាងណាបញ្ចុះតម្លៃផ្ទះអោយមានភាពសមរម្យ ដែលអាចបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញសម្រាប់រស់នៅបាន ធ្វើយ៉ាងណាកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋជួលផ្ទះរស់នៅ ដោយមិនមានផ្ទះជារបស់ខ្លួនឯង ត្រូវធ្វើយ៉ាងណាជំរុញឱ្យការចំណាយក្នុងជីវភាពប្រចាំថ្ងៃកុំឱ្យមានតម្លៃថ្លៃពេក ដូចជាថ្លៃទឹក អគ្គិសនី ម្ហូបអាហារ ការដឹកជញ្ជូនឬធ្វើដំណើរផ្សេងៗត្រូវមានតម្លៃ នោះទើបប្រជាពលរដ្ឋអាចមានប្រាក់សន្សំ សម្រាប់ទិញផ្ទះរស់នៅបាន ត្រូវធ្វើយ៉ាងណាឱ្យភូមិឋានដែលប្រជាពលរដ្ឋរស់នៅក្លាយជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល មានសុខសុវត្ថិភាព គ្មានអំពើហឹង្សា គ្មានគ្រឿងញៀនឬល្បែងស៊ីសង នោះទើបប្រជាពលរដ្ឋអាចរស់នៅប្រកបដោយសេចក្តីសុខ មានភាពកក់ក្តៅ និងអាចប្រកបរបរផ្សេងៗ បង្កើនប្រាក់ចំណូលក្នុងគ្រួសារបានដោយគ្មានការព្រួយបារម្ភ លំនៅឋានមានភាពសុខដុមលុះត្រាតែប្រជាពលរដ្ឋមានការងារធ្វើ មានភាពនវានុវត្តន៍ និងមានភាពច្នៃប្រឌិត ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner