រុស្ស៊ីគំរាមកម្ទេចយុទ្ធជនបរទេសជួយច្បាំងឱ្យអ៊ុយក្រែន
មូស្គូ ៖ វិមានក្រឹមឡាំងបានព្រមានធ្ងន់ៗនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងវាយកម្ទេចយុទ្ធជនបរទេសទាំងឡាយណា ដែលហ៊ានទៅជួយប្រយុទ្ធឱ្យអ៊ុយក្រែនដើម្បីប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅលើសមរភូមិជួរមុខ។
ការគំរាមបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចេញផ្សាយថា កងកម្លាំងអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប បានដើរតួសំខាន់នៅក្នុងសមរភូមិសង្គ្រាមអ៊ុយក្រែន បើទោះបីជាអង្គការណាតូអះអាងថា ខ្លួនគាំទ្រអ៊ុយក្រែន ប៉ុន្តែនឹងមិនបញ្ជូនកងទ័ពទៅកាន់ទីនោះក៏ដោយ។
នៅពេលត្រូវបានសាកសួរអំពីការប្រកាសថា បារាំងកំពុងរៀបចំដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា យោធារបស់យើងធ្លាប់លឺភាសាជនបរទេស ហើយភាសាបរទេសនោះ ពួកគេបានលឺនៅឯសមរភូមិជួរមុខ។
លោក ប៉េសកូវ បានសង្កត់ធ្ងន់ថា ដូច្នេះ វត្តមានរបស់យុទ្ធជនបរទេសនៅទីនោះ (សមរភូមិជួរមុខអ៊ុយក្រែន) នឹងក្លាយជាគោលដៅវាយប្រហាររបស់យើង ហើយយោធាយើងនឹងនៅតែបន្តការប្រយុទ្ធរបស់ពួកគេ។
គួរបញ្ជាក់ថា កន្លងមក កងទ័ពរុស្ស៊ីក៏ធ្លាប់បាននិយាយដែរថា កងកម្លាំងយោធា អង្គការណាតូពិតជាមានវត្តមាននៅអ៊ុយក្រែន និងថា សេវាលួចស្តាប់របស់រុស្ស៊ីក៏ចាប់បានការជជែកគ្នាច្រើនលើកច្រើនសារ ជាភាសាបារាំង និងអង់គ្លេសនៅសមរភូមិជួរមុខខាងភាគីអ៊ុយក្រែនផងដែរ៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា
