ទឹកជំនន់អាក្រក់បំផុតស្ទើរលេបបាត់អតីតទីក្រុងអធិរាជវៀតណាម

ហាណូយ ៖ Hue ដែលជាអតីតទីក្រុងអធិរាជ ស្ទើរតែលិចបាត់ក្នុងទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តវៀតណាម ធ្វើឱ្យកម្ពស់ទឹកហក់ឡើងជិត២ម៉ែត្រត្រឹម២៤ម៉ោង និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចោលផ្ទះសម្បែងរបស់ពួកគេ។

ក្រសួងបរិស្ថានវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារថា ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ Hue ដែលជាអតីតទីក្រុងអធិរាជសម័យបុរាណ សម្បូរដោយសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកមួយនេះ បានឃើញទឹកភ្លៀងពី ១ទៅ១.៧ម៉ែត្រ រហូតបំបែកកំណត់ត្រាកាលពីឆ្នាំ១៩៩៩។

ប្រជាជនជាង ៨,៦០០នាក់មកពីខេត្តចំនួន៤ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងអគារសាធារណៈ ដើម្បីស្នាក់នៅបណ្ដោះអាសន្ន ដោយសារតែហានិភ័យនៃទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី។

ផ្ទះជាច្រើនបានដាច់ចរន្តអគ្គិសនី ហើយសូម្បីតែមន្ទីរពេទ្យមួយចំនួនក៏ត្រូវបានជន់លិចដែរ។ សាលារៀននៅទីក្រុង Hue និងទីក្រុង Danang ត្រូវបានបិទ ហើយសេវាកម្មរថភ្លើងរវាងភាគខាងជើង និងភាគខាងត្បូងត្រូវបានពន្យារពេល ដោយសារតែទឹកជំនន់។

ជាមួយគ្នានេះ អាជ្ញាធរក៏បានព្រមានដែរថា ភ្លៀង និងទឹកជំនន់អាចបន្តអូសបន្លាយរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយកម្រិតគ្រោះថ្នាក់ឥឡូវនេះស្ថិតនៅចំណុចខ្ពស់បំផុត។ អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុនេះកំពុងធ្វើឱ្យព្យុះ និងទឹកជំនន់កាន់តែធ្ងន់ធ្ងរ និងកាន់តែមានគ្រោះថ្នាក់។

គិតត្រឹម ៩ខែឆ្នាំនេះ វៀតណាមមានមនុស្សចំនួន ១៨៧នាក់ហើយបានស្លាប់ ឬបាត់ខ្លួនដោយសារតែគ្រោះមហន្តរាយធម្មជាតិ ភាគច្រើនបង្កឡើងពីខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដី ដែលបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចសរុបជាង ៦១០លានដុល្លារ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិវៀតណាម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner