បេក្ខជន ៣០២៤នាក់ ជាប់ជាគ្រូបង្រៀនផ្អែកលើ កិច្ចព្រមព្រៀងការងារ

(ភ្នំពេញ)៖ ក្រោយបញ្ចប់កំណែកិច្ចការ បូកសរុបពិន្ទុយ៉ាងសម្រិតសម្រាំង នាយប់ថ្ងៃទី២៨ ខែតុលានេះ គណៈកម្មការ រៀបចំការប្រឡងជ្រើសរើសបានបេក្ខជនចំនួន ៣ ០២៤នាក់ ជាប់ជាស្ថាពរ ក្នុងចំណោមបេក្ខជនប្រឡងជិត៩ពាន់នាក់។

ក្នុងចំណោមបេក្ខជនជាប់ជាង ៣ពាន់នាក់នេះ មានខេត្តព្រៃវែង ចំនួន ៨៩៣នាក់,ខេត្តត្បូងឃុំចំនួន ៦១០នាក់,ខេត្តកំពង់ចាម ចំនួន ៥១៣នាក់,ខេត្តបាត់ដំបងចំនួន ៥៧៩នាក់ និង តាកែវ ចំនួន ៤២៩នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងរបស់បេក្ខជន នៅបន្ទាប់ដំណើរការ កែសន្លឹកកិច្ចការ ការបូក ស្រង់ពិន្ទុ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុបេក្ខជន ដែលចូលរួមប្រឡងប្រជែង ក្លាយជាគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ បានបញ្ចប់ជាស្ថាពរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាកថា បច្ចុប្បន្ននេះក្រសួងអប់រំ គ្រូបឋមសិក្សាមាន៣កម្រិត ក្នុងនោះមានទី១គ្រូបឋមសិក្សាដែលមានក្របខណ្ឌបន្ទាប់ពីប្រឡងជាប់និងទៅរៀនគរុកោសល្យទើបចេញទៅបង្រៀន ទី២ គ្រូជាប់កិច្ចសន្យា ដែលស្ម័គ្រចិត្តទៅតំបន់ដាច់ស្រយាល និងទី៣ គ្រូបង្រៀនពីរវេន ពីរថ្នាក់ ឬថ្នាក់គួប ដែលខ្វះគ្រូ ឬករណីខ្វះបន្ទប់រៀន ។ ឯកឧត្តមបន្ថែមថា ក្នុងការជ្រើសរើសនៅពេលនេះគឺនិងជ្រើសរើសយកទៅជំនួស គ្រូបង្រៀនពីរវេន និងគ្រូបង្រៀនពីរថ្នាក់ និងថ្នាក់គួបដែលមានឈ្មោះថ្មីថា ហៅថាគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយនិងធ្វើការជ្រើសរើសមួយឆ្នាំម្តងៗ ។ ឯកឧត្តម បន្ថែមថា ក្នុងការជ្រើសរើសឆ្នាំនេះជាករណីពិសេស ដើម្បីអោយទាន់សភាពការណ៍ ខណៈការបើកបវេនសនកាលនិងឈានចូលមកដល់នៅថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ ខាងមុខនេះ ករណីនេះត្រូវប្រើវិធីមួយថ្មីហៅថារបត់ថ្មីគឺបង្រៀនផង រៀនផង។

ឯកឧត្តម បញ្ជាក់បន្ថែថា នៅក្នុងតំណាក់កាលនេះគណៈកម្មការប្រឡងធ្វើការជ្រើសរើស៥ខេត្ត នៅក្នុងកម្រិតឃុំ ខណៈដែលបេក្ខជនប្រឡងជាប់និងធ្វើការជ្រើសរើសប៉ុស្តន៍ដែលខ្លួនបានដាក់ពាក្យ ទៅតាមអាទិភាពពិន្ទុ និងមានសិទ្ធជ្រើសរើសសាលាមុនគេជាបន្តបន្ទាប់ ហើយករណីបេក្ខជនមិនបានរើសតាមការជូនដំណឹងរបស់គណកម្មាការប្រឡងត្រូវបានចាត់ទុកថាបោះបង់ ។

ឯកឧត្តម បន្ថែមថា ការប្រឡង៥ខេត្តនេះគឺមិនទាន់បានបញ្ចប់នោះទេ គណកម្មការប្រឡងគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ និងធ្វើការជ្រើសរើសជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២៥ និងគ្រោងបញ្ចប់ការប្រឡងជ្រើសរើសនៅឆ្នាំ២០២៦ ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងនៅក្នុងបណ្តាញសង្គមផ្លូវការថា រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner