ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្វាយ ព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរី រាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងតារវភក្តិដ៏ខ្ពង់ខ្ពស់បំផុត់ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល ក្នុងព្រះបរមសិរី រាជសម្បត្តិរយៈពេល២១ឆ្នាំនេះ ព្រះអង្គទ្រង់តែងបំពេញនូវព្រះរាជកិច្ចក្នុងវិស័យការទូត អប់រំ សង្គមកិច្ច សុខាភិបាល វប្បធម៌ និងសាសនា ប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជហឫទ័យសណ្តោសប្រណីដ៏ថ្លៃថ្លា នាំមកនូវភាពសុខដុមរមនាក្នុងសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយមោទនភាព និងកិត្យានុភាព ដោយឈរលើស្មារតីពូនជ្រំនូវមរតកដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ។
ឆ្លើយតបទៅនឹងការលះបង់ព្រះកាយពល និងការចូលរួមតស៊ូរបស់ ព្រះករុណាថ្លៃវិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាបន្តជំរុញនិងពន្លឿនការចុះបញ្ជីដីធ្លីនិងការចេញបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទ ព្រមទាំងការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន ទៅជាបួសរយាងដើម្បីទ្រទ្រង់ឫសកែវនៃសុខសន្តិភាព សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកកប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះ មហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាតិ ជាពិសេសព្រះបារមីនៃ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គមេត្តាប្រោះព្រំប្រោសប្រទានព្រះរាជសព្ទ សាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះប សិរីរាជសម្បត្តិ ជាម្លប់ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរឿងទៅ ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុត ស្មើជីវិតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕


ដោយ ៖ គ្រី សម្បត្តិ