ចិន បញ្ជាក់ជាផ្លូវការអំពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី

សេអ៊ូល ៖ ប្រទេសចិនបានបញ្ជាក់ជាផ្លូវការថា ជំនួបរវាងលោកប្រធានធិបតីចិន ស៊ី ជីនពីង ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ស្អែកនេះ ។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មេដឹកនាំទាំងពីរនឹងមានកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅលើសង្គ្រាមពាណិជ្ជកម្ម, បញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងទំនាក់ទំនង ចិន-អាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗជាច្រើនផ្សេងទៀត ។

បើតាមអ្នកនាំពាក្យដដែល, ចិនសង្ឃឹមថា ក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងនៅក្នុងអាណត្តិទី ២ របស់លោក ត្រាំ នេះ សហរដ្ឋអាមេរិកនឹងអាចកាត់បន្ថយពន្ធ ដែលដាក់លើប្រទេសចិន ទាក់ទងនឹងថ្នាំ fentanyl ។

លោក Guo បន្ថែមថា ចិនមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយភាគីអាមេរិកដើម្បីធានាថា កិច្ចប្រជុំនេះ ផ្តល់លទ្ធផលវិជ្ជមាន ផ្តល់ការណែនាំថ្មី និងបញ្ចូលសន្ទុះថ្មី ទៅក្នុងការអភិវឌ្ឍន៍ស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក ។

ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏រំពឹងផងដែរថា “បញ្ហាជាច្រើននឹងត្រូវបានដោះស្រាយជាមួយលោក ស៊ី នៅក្នុងកិច្ចពិភាក្សានោះ ជាពិសេស ការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលនាំឲ្យខូចខាតយ៉ាងខ្លាំង ដល់ប្រទេសទាំងពីរ ។

ថ្លែងនៅឯកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ Apec នៅថ្ងៃពុធនេះ លោក ត្រាំ ជឿជាក់ថា សហរដ្ឋអាមេរិកនឹងមានកិច្ចព្រមព្រៀងជាមួយចិន ហើយ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អ សម្រាប់ប្រទេសទាំងពីរផងដែរ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner