ភ្លៀងខ្លាំងនៅវៀតណាម សម្លាប់មនុស្ស៤នាក់ និង ជន់លិចជាង១០ម៉ឺនផ្ទះ

ហាណូយ ៖ ក្រសួងបរិស្ថានវៀតណាម បាននិយាយ នៅថ្ងៃពុធនេះថា ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេស ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤ នាក់ និងជន់លិច ផ្ទះ ជាង ១០ម៉ឺនខ្នង។

ខេត្តជាប់មាត់សមុទ្ររបស់ប្រទេសវៀតណាមបានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់តាំងពីថ្ងៃអាទិត្យជាមួយនឹងកំណត់ត្រា រហូតដល់ ១.៧ម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ ក្រសួងបាននិយាយ នៅក្នុងរបាយការណ៍មួយថា មនុស្សបួននាក់ បានស្លាប់ និង ប្រាំនាក់ ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងខេត្ត Hue, Danang និង Lam Dong ។ ប្រភពបាននិយាយថា ការរអិលបាក់ដីជាង ១៥០ លើក ត្រូវបានរាយការណ៍ ហើយ ដំណាំ ២,២០០ហិកតា ត្រូវបានបំផ្លាញ និងផ្ទះសរុបចំនួន ១០៣,៥២៥ខ្នង ត្រូវបានជន់លិច។

ក្រសួងបរិស្ថាន បាននិយាយថា ខេត្ត Danang ភាគកណ្តាល ត្រូវបានគេព្យាករណ៍ថា នឹងជួបប្រទះនឹងគ្រោះទឹកជំនន់ បន្ថែមទៀត ក្នុងរយៈពេល ពីរថ្ងៃខាងមុខ ដោយកម្ពស់ទឹ កនៅក្នុងទីក្រុង Danang បានហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយមនុស្ស កំពុងធ្វើឲ្យអាកាសធាតុធ្ងន់ធ្ងរ ដូចជា ព្យុះ និង ទឹកជំនន់ កាន់តែស្លាប់មនុស្ស និង បំផ្លិចបំផ្លាញ។ គ្រោះធម្មជាតិ ដែលភាគច្រើន ជាព្យុះ ទឹកជំនន់ និងការរអិលបាក់ដី បានបណ្តាលឱ្យមនុស្ស ១៨៧ នាក់ស្លាប់ ឬ បាត់ខ្លួននៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំនេះ។

ការិយាល័យស្ថិតិទូទៅ បាននិយាយថា ដំណាំជាង ២៤០,០០០ហិកតា ត្រូវបានបំផ្លាញ និងផ្ទះចំនួន ៣៨,០០០ ខ្នងបានដួលរលំ ឬ ត្រូវបានខូចខាត។ ការខាតបង់សេដ្ឋកិច្ចសរុប នៅវៀតណាម ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៦១០ លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner