ខេត្តស្ទឹងត្រែងឆ្នាំនេះពុំមានការប្រណាំងទូក តែប្រារព្ធពិធីបណ្ដែតប្រទីប សំពះព្រះខែ
ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងអំពីផ្អាកការប្រណាំងទូកសម្រាប់ឆ្នាំ២០២៥ ប៉ុន្តែរដ្ឋបាលខេត្ត នឹងបន្តប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀងប្រចាំឆ្នាំថ្មី២០២៦។ជាមួយនឹង
ការជូនដំណឹង រដ្ឋបាលខេត្តក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍នេះ។
រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចផ្អាការប្រារព្ធពិធីប្រណាំងទូកឆ្នាំ២០២៥។ប៉ុន្តែទន្ទឹមនឹងនេះក្នុងគោលបំណង រួមថែរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាយើង រដ្ឋបាលខេត្តនឹងចាត់តាំងឲ្យមានការរៀបចំប្រារព្ធពិធី «សំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង ប្រចាំឆ្នាំថ្មី២០២៦» ដែលមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង នៅលើសួនសុវណ្ណភូមិ ប្របនឹងមាត់ទន្លេសេកុងស្ទឹងត្រែង នាវេលាម៉ោង ៧យប់ ថ្ងៃពុធ ១៥កើត «ពេញបូណ៌មី» ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងរាត្រី ១៥កើតនោះផងទៀត រដ្ឋបាលខេត្ត ក៏នឹងរៀបចំពិធីបណ្តែតប្រទីបទៅតាមបវេណី នៅតាមដងទន្លេសេកុង ក្នុងពេលព្រមជាមួយគ្នានោះ ផងដែរ។
រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់ឯឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ មេត្តាចូលរួមអបអរសាទរ កម្សាន្ត សប្បាយ ក្នុងពិធីនេះឱ្យមានភាពមហោឡារិក និងប្រកបដោយភាពអធិកអធម តាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងខាងលើ ដោយមេត្រីភាព៕
ដោយ៖ឡុង សំបូរ
រូបថត៖ឯកសារ





