ឆ្នេរតេជោសន្តិភាពកែប ត្រៀមទទួលទេសចរជិតឆ្ងាយក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ

កែប៖ គិតត្រឹមសប្ដាហ៍ទីបួននៃខែតុលានេះ ការដ្ឋានសាងសង់ឆ្នេរតេជោសន្តិភាពខេត្តកែបអនុវត្តបានប្រមាណ ៩០ ភាគរយ។ក្រុមការងារកំពុងមមាញឹកបញ្ចប់ការងារដែលនៅសល់មួយចំនួន ដើម្បីឱ្យឆ្នេរនេះក្លាយជាផលិតផលថ្មី​ទទួល​ទេសចរអាចចូលកម្សាន្តនៅផ្នែកខ្លះនៃគម្រោងទាំងមូល នាឱកាសឈប់សម្រាកក្នុងបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្រ្តីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងសប្ដាហ៍នេះ​ចុះពិនិត្យវឌ្ឍន​ភាពនៃ​ការ​សាងសង់គម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលប្រសិទ្ធនាមថា”ឆ្នេរតេជោសន្តិភាព​កែប”ប្រវែង​២.៧០០ម៉ែត្រ ដែលក្រុមជាងកំពុងញាប់ជើងញាប់ដៃដើម្បីបង្ហើយ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នេះជាសមិទ្ធផលប្រវត្តិសាស្រ្តសម្រាប់ខេត្តកែប ក្នុងសម័យតេជោ-ធិបតី ។គម្រោង​នេះនឹងជួយលើកកម្ពស់គុណភាពឆ្នេររបស់ខេត្តឱ្យក្លាយជាទិសដៅទេសចរណ៍ស្អាតសាមញ្ញ ប៉ុន្តែទាក់ទាញ ពិសេសជាការ​បើកទំព័រឆ្នេរថ្មីរបស់ខេត្តកែបជូនទេសចរជាតិ អន្តរជាតិចូលមកលំហែនាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមបន្ថែមថា ដោយឆ្នាំនេះរាជធានីភ្នំពេញពុំមានការប្រារព្ធពិធីបុណ្យអុំទូក ដូច្នេះលោក​រំពឹងថា តំបន់សមុទ្រ​ពិសេស​ខេត្តកែប នឹងក្លាយជាគោលដៅសំខាន់សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ។ជាការត្រៀមលក្ខណៈឱ្យបានល្អ ឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ពិនិត្យមើលលើសណ្តាប់ធ្នាប់សាធារណៈផ្សេងៗឱ្យបាន​រៀបរយជាស្រេច។

សូមជម្រាបថា ការឈប់សម្រាកក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤,ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕ដោយ៖ សិលា សារិន

ads banner