ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅចូលរួមកិច្ចកម្មវិធី Plug and Play Silicon Valley Summit 2025 នៅសហរដ្ឋអាមេរិក

(សិង្ហបុរី)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល Plug and Play ទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការជ្រើសរើសនេះ ប្រព្រឹត្តទៅបន្ទាប់ពីការធ្វើបទបង្ហាញគម្រោងទាក់ទាញការវិនិយោគ (Pitching) ដោយ Plug and Play ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការចូលរួមរបស់ Bamnang Academy, BookMeBus, Salatech និង Finluy ជាតំណាងកម្ពុជានៅក្នុងវេទិកាធុរកិច្ចថ្មីឌីជីថល អន្តរជាតិ Plug and Play ស្ដែងឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការកសាងបរិយាកាសអំណោយផលសម្រាប់អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើន ទាំងក្នុងស្រុង និងសកលលោក។ ការទទួលស្គាល់នេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ធុរកិច្ចថ្មីឌីជីថល ទាំង ៤ ទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងការទទួលបានការវិនិយោគិន និងគន្លឹះល្អៗពីថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅ Silicon Valley។”

  • Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក។
  • BookMeBus ត្រូវបានបង្កើតដោយលោក ជា ឡង់ដា
  • Salatech ត្រូវបានបង្កើតដោយ លោក សុខ លាភ
  • FinLuy ត្រូវបានបង្កើតដោយលោក Gupta Niraj ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner