អាមេរិកបន្តវាយប្រហារទូកសង្ស័យដឹកថ្នាំញៀន ស្លាប់ ៤នាក់ទៀត
បរទេស ៖ ប្រមុខការពារជាតិអាមេរិកបាននិយាយ កាលពីថ្ងៃពុធថា មនុស្ស៤នាក់ស្លាប់ ក្នុងការវាយប្រហារជាថ្មី លើទូកសង្ស័យដឹកគ្រឿងញៀន នៅប៉ាស៊ីហ្វិក។
វីដេអូដែលចេញផ្សាយ ដោយប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth បានបង្ហាញពីអ្វី ដែលលោកនិយាយថា ជាការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទូកមួយផ្សេងទៀត នៅប៉ាស៊ីហ្វិក។ យោធាអាមេរិកអះអាងថា ទូកនេះត្រូវបានកម្ទេច ក្នុងពេលកំពុងជួញដូរគ្រឿងញៀន ហើយប្រតិបត្តិការនេះ បានសម្លាប់មនុស្ស ៤នាក់។
ការប្រកាស របស់លោក Hegseth នៅតាមបណ្តាញសង្គម X បែបនេះ បានកើតឡើង នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក សម្លាប់មនុស្ស រាប់សិបនាក់ នៅលើទូកចំនួន បួន គ្រឿង នៅភាគខាងកើតប៉ាស៊ីហ្វិក ហើយ បាននាំមកនូវចំនួនអ្នកស្លាប់សរុប ពីយុទ្ធនាការប្រឆាំងគ្រឿងញៀន ដ៏ចម្រូងចម្រាស់ របស់ប្រធានាធិបតី Donald Trump បានកើនដល់យ៉ាងហោចណាស់ ៦២ នាក់។
ជុំរិញរឿងនេះ ប្រធានាធិបតី នៃប្រទេស កូឡុំប៊ី បានចោទអាមេរិក ពីការប្រហារជីវិតមនុស្ស នៅតំបន់ ការីប៊ីន និង ប៉ាស៊ីហ្វិក។ មេដឹកនាំប្រទេសវេណេស៊ុយអេឡាវិញ ប្រកាសត្រៀមខ្លួនជានិច្ច ក្នុងការទប់ទល់នឹងអាមេរិក។ ទូកដែលអាមេរិកកម្ទេច ត្រូវបានចោទថា មានពាក់ព័ន្ធនឹង ប្រទេសទាំងពីរ ខណៈដែលមានការរិះគន់ ពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ តែ អាមេរិកអះអាងថា ជាការទប់ស្កាត់កុំឲ្យគ្រឿងញៀន កុំឲ្យចូលដី របស់ខ្លួន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

