លោក ត្រាំ បើកភ្លើងខៀវឱ្យកូរ៉េខាងត្បូងផលិតនាវាមុជទឹកនុយក្លេអ៊ែរលើទឹកដីអាមេរិក
វ៉ាស៊ីនតោន ៖ ទីបំផុត មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តបើកដៃឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនេះជាការផ្លាស់ប្តូរដ៏សំខាន់មួយ ធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងៗទៀតលើពិភពលោក ដែលមាននាវាបែបនេះ។
លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា លោកយល់ព្រមឲ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតដែលមានលក្ខណៈចាស់ និងមិនសូវរហ័សរហួនដែលពួកគេមានឥឡូវនេះ។
មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា នាវាមុជទឹករបស់កូរ៉េខាងត្បូង នឹងត្រូវបានសាងសង់នៅឯទីតាំងផលិតនាវា ហ្វីឡាឌែលហ្វៀ ក្នុងទឹកដីសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ កើតឡើងបន្ទាប់ពីធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង នៅទីក្រុង ក្យុងជូ មុនពេលចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយលើពាណិជ្ជកម្ម ការវិនិយោគ និងការកសាងនាវារវាងសម្ព័ន្ធមិត្តទាំងពីរ។
ការសម្រេចចិត្តរបស់លោក ត្រាំ នេះទៀតសោត គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ដែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តែងតែប្រឆាំងនឹងមហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែការព្រួយបារម្ភអំពីការរីកសាយភាយអាវុធនុយក្លេអ៊ែរ៕


ប្រភព ៖ The Straits times ប្រែសម្រួល ៖ ឈឹម ទីណា